ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលកម្រិតពិភពលោកលើកដំបូងនៅកម្ពុជា និងចាប់ផ្តើមប្រកួតនាពេលឆាប់ៗនេះ

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលកម្រិតពិភពលោកលើកដំបូងនៅកម្ពុជា និងចាប់ផ្តើមប្រកួតនាពេលឆាប់ៗនេះ…

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធី សន្និសីទសាព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Lagends Championship កម្រិតពិភពលោកជាលើកដំបូងនៅកម្ពុជា នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនគោលវឌ្ឍនៈ ហ្គោល រីហ្សត។

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈឡេជិន ដែលក្រុមហ៊ុន Vattanac Golf Resort បានចាប់ដៃគូជាមួយ Legends Tour និងសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាវាយកូនគោលដ៏ល្បីល្បាញ កម្រិតពិភពលោកជាលើកដំបូងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលាន Vattanac Golf Resort ដែលជារមណីយដ្ឋានវាយកូនគោលដ៏ប្រណិតកម្រិតអន្តរជាតិ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា ចំពោះការប្រកួតនេះ នឹងមានវត្តមានកីឡាករវាយកូនគោលល្បីៗមកពីជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់ធំៗ និង បុគ្គលមានឥទ្ធិពលជាច្រើនមកចូលរួមប្រកួត ។ ព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតអន្តរជាតិនេះមិន ត្រឹមតែផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្សាយទៅកាន់ទ្វីបអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗដើម្បីឲ្យឃើញពីសក្តានុពលកម្ពុជា ដែលនឹងមានអ្នកទស្សនារាប់លាននាក់នៅ ទូទាំងពិភពលោកតាមរយៈការផ្សាយនៅលើកញ្ចក់ទូរទស្សន៍កីឡាអន្ដរជាតិធំៗ សារព័ត៌មានកីឡាអន្តរជាតិ បណ្តាញសង្គម និងការទស្សនាដោយផ្ទាល់ផងដែរ។

 ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាវាយកូនគោលដ៏ធំនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា ការទទួលស្គាល់ជាសកលអំពីការ រៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនៅកម្ពុជា, ផ្សព្វផ្សាយកីឡាទេសចរណ៍បែបប្រកួត, ជំរុញកំណើន សេដ្ឋកិច្ច និងទាក់ទាញវិនិយោគ, លើកស្ទួយវប្បធម៌ និងបដិសណ្ឋារកិច្ច, អភិវឌ្ឍកីឡាវាយកូនគោលកម្ពុជា បង្ហាញអំពីគុណភាពនៃបទពិសោធន៍ដែលមាននៅកម្ពុជា និងផ្សព្វផ្សាយទៅកាន់អ្នកទស្សនារាប់លាននាក់ នៅទូទាំងពិភពលោកផងដែរ។ 

ជាមួយគ្នានោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត បានមានប្រសាសន៍ដែរថា ការប្រកួតជើងឯក វឌ្ឍនៈ លេជេនស៍ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលនឹងនាំមកនូវកីឡាករល្បីៗ ក្នុងវិស័យវាយកូនហ្គោលលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជាជាលើកដំបូង។ បេសកកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ គឺតែងចូលរួមលើកតម្កើង និងអបអរសាទរមោទនភាពរបស់ខ្មែរ និងបេតិកភណ្ឌជាតិរបស់កម្ពុជាយើង ស្របពេលដែលបន្តចូលរួមកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ និងមិត្តភាព។ 

អ្នកឧកញ៉ាបានបន្តថា ការប្រកួតជើងឯកនេះ ធ្វើឡើងរួមសហការជាមួយ Legends Tour គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ ព្រមជាមួយទស្សនៈវិស័យដែលព្រឹត្តការណ៍ជើងឯក វឌ្ឍនៈ លេជេនស៍ គឺមានអត្ថន័យលើសពីព្រឹត្តិការណ៍កីឡា។ ជាមួយគ្នានេះដែរ តាមរយៈការប្រកួតជើងឯកវឌ្ឍនៈ លេជេនស៍ គឺមានគោលបំណងបំផុសគំនិត រួបរួម និងបង្ហាញពិភពលោកអំពីឧត្តមភាពរបស់ប្រទេសកម្ពុជា គុណភាពនៃបរិក្ខាររបស់យើង និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។ ការប្រកួតជើងឯកនេះនឹងប្រព្រឹត្តទៅនៅលើទីលានខាងកើតនៃ Vattanac Golf Resort ដែលជារមណីយដ្ឋានវាយកូនហ្គោល ដែលទទួលបានពានរង្វាន់អន្តរជាតិច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ដែលរចនាដោយលោក Sir Nick Faldo។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតសំខាន់គឺ Vattanac Legends Championship នឹងធ្វើឡើងជាផ្លូវការចាប់ពីថ្ងៃសុក្រ ទី២១ ដល់ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ  ដោយព្រឹត្តការណ៍នេះនឹងត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាអន្តរជាតិផងដែរ ដែលនឹងធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាចំណុចកណ្តាលនៃពិភពលោកក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍កីឡា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។