ព្រឹត្តិការណ៍ដ៏ធំ «តារាសាគរសាទរទេសចរណ៍សមុទ្រ» ឆ្នាំ២០២៥ នៅខេត្តកោះកុង ចាប់ផ្ដើមបើកនៅថ្ងៃទី២៧វិច្ឆិកា ដើម្បីបង្ហាញពីភាពរីកចម្រើនវិស័យកីឡាម៉ូតូទឹក ដ៏អស្ចារ្យនៅកម្ពុជា

ព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រ នៅតំបន់តារាសាគរ ខេត្តកោះកុង បានចាប់ផ្ដើមបើក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានរៀបចំដោយក្រុមហ៊ុន Coastal City Development Group (ខូសថលស៊ីធី ឌីវេឡុបមិនគ្រុប) និងមានការសហការជាមួយ ក្រសួងទេសចរណ៍ និង សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ។

លោក ជា តិចហុក នាយកផ្នែកទំនាក់ទំនងសាធារណៈ បានថ្លែកនៅក្នុងពិធីបើក «ការប្រកួតកីឡាម៉ូតូទឹក» ថា ព្រឹត្តិការណ៍ដ៏ធំ «តារាសាគរសាទរទេសចរណ៍សមុទ្រ» ឆ្នាំ២០២៥នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកលើកកម្ពស់សក្តានុពលទេសចរណ៍តំបន់ឆ្នេរ និងគាំទ្រដល់វិស័យកីឡាកម្ពុជា ដោយមាន «ការប្រកួតកីឡាម៉ូតូទឹក» ផងដែរ។ ព្រឹត្តិការណ៍នេះ បានជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ «តារាសាគរសាទរទេសចរណ៍សមុទ្រ» ក៏ដូចជាបានរំលេចជាមួយវិស័យកីឡាម៉ូតូទឹកនៅកម្ពុជា ដែលជាប្រភេទកីឡាមួយ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផ្ដើមចេញពីសកម្មភាពកម្សាន្តលំហែតាមឆ្នេរ ពេលនេះកីឡាមួយប្រភេទនេះបានវិវត្តខ្លួនក្លាយជាកីឡាដែលមានស្តង់ដារ រួមបញ្ចូលទាំងភាពសប្បាយរីករាយ និងបច្ចេកទេសកម្រិតខ្ពស់។ ទីតាំង តារាសាគរ នៃខេត្តកោះកុងនេះ គឺជាវេទិកាដ៏ស័ក្តិសមបំផុតសម្រាប់ការប្រកួតកីឡានេះ ដោយសារយើងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងផ្ទៃទឹកសមុទ្រខៀវស្រងាត់ដែលអំណោយផលដល់កីឡាលើទឹកគ្រប់ប្រភេទ។

លោក ជា តិចហុក បានបន្តថា ក្នុងន័យនេះ ការរៀបចំការប្រកួតនៅថ្ងៃនេះ មិនត្រឹមតែធ្វើឡើងដើម្បី ចូលរួមចំណែកលើកស្ទួយវិស័យកីឡាម៉ូតូទឹកកម្ពុជា ឱ្យកាន់តែមានភាពសកម្ម និងរឹងមាំ ដើម្បីបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធនាការជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ក្នុងខេត្តកោះកុង ជាពិសេសតំបន់តារាសាគរ ដែលសម្បូរទៅដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ ឱ្យកាន់តែល្បីល្បាញផងដែរ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតារាសាគរកាន់តែច្រើនកុះករ ព្រមទាំងរួមចំណែកប្រែក្លាយតំបន់នេះឱ្យទៅជាគោលដៅទេសចរណ៍កីឡាដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា។

លោក ជា តិចហុក បានបន្ថែមថា ដើម្បីបង្ហាញពីឆន្ទៈគាំទ្រយ៉ាងមុតមាំរបស់យើងខ្ញុំចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកោះកុងជាប៉ូលទេសចរណ៍ដ៏សំខាន់ ក្រុមហ៊ុន ខូសថលស៊ីធី ឌីវេឡុបមិនគ្រុបយើងខ្ញុំ បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងតំបន់តារាសាគរនេះ រួមមាន ផ្លូវគោក ផ្លូវទឹក ប្រព័ន្ធទំនាក់ទំនង អាកាសយានដ្ឋានអន្តរជាតិខ្នាត 4F (តារាសាគរ) សួនកម្សាន្តលំដាប់ពិភពលោក Dareena Park និងគម្រោងកំពង់ផែទឹកជ្រៅ ដែលគម្រោងទាំងនេះកំពុងទាក់ទាញដៃគូវិនិយោគជាតិ និងអន្តរជាតិជាច្រើន។ សមិទ្ធផលទាំងអស់នេះ មិនត្រឹមតែបម្រើឱ្យវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែក៏បានបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងព្រមទាំងចូលរួមជួយពង្រឹងដល់សុខសុវត្ថិភាពទេសចរណ៍ប្រចាំតំបន់នេះផងដែរ។

នៅក្នុងឱកាសនេះដែរ លោក ជា តិចហុក ក៏សូមលើកទឹកចិត្តដល់បងប្អូនកីឡាករទាំងអស់ សូមចាត់ទុកការប្រកួតនេះជាវេទិកានៃការរឹតចំណងមិត្តភាព សាមគ្គីភាព និងជាឱកាសដ៏ល្អក្នុងការផ្លាស់ប្ដូរបទពិសោធន៍បច្ចេកទេសរវាងគ្នា និងគ្នា ជាជាងការប្រកួតប្រជែងដែលផ្ដោតសំខាន់តែលើលទ្ធផលចាញ់-ឈ្នះ។