ព្យុះរដូវរងាកំពុងរំខានដល់ការធ្វើដំណើរនៅអាកាសយានដ្ឋានរដ្ឋ Philadelphia ដែលបានលុបចោលជើងហោះហើរចំនួន៦០៥ និង ពន្យាពេលហោះចំនួន១២ជើង

ព្យុះព្រិលដ៏ធំមួយបានវាយប្រហារភាគឦសានសហរដ្ឋអាមេរិកចាប់ពីរដ្ឋ Maryland ដល់រដ្ឋ Maine កាលពីថ្ងៃចន្ទនេះ ដោយបង្ខំមនុស្សរាប់លាននាក់ត្រូវឱ្យស្នាក់នៅតែក្នុងផ្ទះ ចំពេលមានខ្យល់បក់បោកខ្លាំង និងព្យុះព្រិល បន្ថែមដោយបិទសេវាដឹកជញ្ជូន បិទសាលារៀន និងអាជីវកម្មជាដើម។ ជើងហោះហើរចូល និងចេញពីទីក្រុង Philadelphia ភាគច្រើនត្រូវបានផ្អាកសម្រាប់ពេលវេលាព្រឹកនេះ ដោយសេវាកម្មចាប់ផ្តើមដំណើរការឡើងវិញនៅម៉ោងប្រហែលជា ២និង២០នារីរសៀល។ ការចេញដំណើរលើកដំបូងត្រូវបានគ្រោងទុករហូតដល់ពេលល្ងាចឯណោះ។ មន្ត្រីអាកាសយានដ្ឋានបានរាយការណ៍ពីការលុបចោលជើងហោះហើរចំនួន ៦០៥ជើងហោះហើរ និងពន្យារពេលហោះហើរចំនួន ១២ គិតត្រឹមរសៀលនេះ។ ក្នុងចំណោមជើងហោះហើរដែលមកដល់ និងចេញដំណើរមានប្រហែលជា ៧៣០ ជើង។ លោក Daniel Gueyikian (ដានីញ៉ែល ហ្កូយីកៀន)ដែលជានិស្សិតបញ្ចប់ការសិក្សាថ្មីៗពីទីក្រុង Chicago បានជាប់គាំងនៅអាកាសយានដ្ឋានបន្ទាប់ពីក្រុមហ៊ុនលុបចោលជើងហោះហើរជាច្រើនដង។ លោក Gueyikian បានធ្វើដំណើរទៅកាន់តំបន់ឆ្នេរសមុទ្រភាគខាងកើតកាលពីចុងសប្តាហ៍នេះដើម្បីជួបជុំមិត្តភក្តិ និងចូលរួមសន្និសីទ។ ដំបូងឡើយលោកបានគ្រោងហោះហើរទៅផ្ទះវិញតាមរយៈ Newark ប៉ុន្តែជើងហោះហើររបស់លោកនៅយប់ថ្ងៃអាទិត្យនោះត្រូវបានលុបចោលដោយសារតែមានព្យុះ។ បន្តមកលោកក៏កក់សំបុត្រយន្តហោះឡើងវិញសម្រាប់ការចេញដំណើរនៅព្រឹកថ្ងៃច័ន្ទ ដោយចេញពីទីក្រុង Philadelphia ប៉ុន្តែជើងហោះហើរនោះក៏ត្រូវបានលុបចោលផងដែរ។ ការចេញដំណើរនៅពេលថ្ងៃត្រង់ក៏ត្រូវបានលុបចោលបន្ថែមទៀត។ ទីបំផុតនៅមុនពេលរសៀលនេះលោក Gueyikian នៅតែមានក្តីសង្ឃឹមដើម្បីទិញសំបុត្រយន្តហោះ សម្រាប់ជើងហោះហើរវេលាម៉ោង ៥ ល្ងាចវិញម្តង។ អ្នកធ្វើដំណើរផ្សេងទៀតបានបន់ស្រន់ថាសូមកុំឲ្យមានព្យុះបំផ្លាញផែនការសំខាន់ៗរបស់ពួកគេឡើយ។ ចំណែក លោក Ken និង Barbara Johnson ដែលជាអ្នកធ្វើដំណើរទៅកាន់ Philadelphia ដើម្បីអបអរសាទរខួបកំណើតគម្រប់ ៩០ ឆ្នាំរបស់ម្តាយលោក Ken បាននិយាយថា “ពួកយើងមិនអាចខកខានជើងហោះហើរនាពេលនេះបានទេ មិនថាទោះវាជាព្រិលឬអ្វីកើតឡើងក៏ដោយក៏យើងត្រូវតែធ្វើទៅដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


