ព្យុះទីហ្វុង Kalmaegi បន្តបោកបក់មកដល់ភាគកណ្តាលប្រទេស វៀតណាមធ្វើឱ្យមនុស្សម្នាក់ស្លាប់ និងជម្លៀសប្រជាជន ចំនួន១០០,០០០គ្រួសារភ្លាមៗ

ក្រៅពីប្រទេសហ្វីលីពីន កម្លាំងព្យុះទីហ្វុង Kalmaegi ក៏បានបោកបក់ដែនដីគោកខេត្ត Quy Nhon ភាគកណ្តាលប្រទេសវៀតណាមដែរកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ។ ព្យុះទីហ្វុង Kalmaegi បានផ្តួលរំលំដើមឈើ បំផ្លាញដំបូលផ្ទះសម្បែង និងបំបែកកញ្ចក់បង្អួចអគារនានានៅក្នុងតំបន់ជាច្រើនទៀត។ ឥទ្ធិពលរបស់វាក៏បានកាត់ផ្តាច់ចរន្តអគ្គិសនី នៅទូទាំងតំបន់ធំៗនៃខេត្តជាច្រើន ដែលប៉ះពាល់ដល់គ្រួសាររាប់រយរាប់ពាន់គ្រួសារ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរដែនដី ។ ព្យុះទីហ្វុង Kalmaegi បានបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់នៅវៀតណាមផងដែរ។ រដ្ឋាភិបាលវៀតណាមបានជម្លៀសប្រជាជនចំនួន ១០០,០០០ គ្រួសារ ដោយមានប្រជាជនប្រហែលជា ៣៥០,០០០នាក់រងផលប៉ះពាល់នៅតាមតំបន់ឆ្នេរសមុទ្រ។ សាលារៀននៅក្នុងតំបន់បានផ្អាកទាំងស្រុង ហើយហាងទំនិញភាគច្រើនក៏ត្រូវបិទដែរ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា ក្រុមជួយសង្គ្រោះបានទទួលការហៅចូលទូរស័ព្ទដើម្បីសង្គ្រោះបន្ទាន់ជាច្រើនដង ពីប្រជាជនដែលរាយការណ៍ពីគ្រោះថ្នាក់នៃព្យុះដោយបានរំលំដំបូងផ្ទះរបស់ពួកគេ និងមានទឹកជំនន់ ខណៈដែលខ្យល់នេះបក់បោកខ្លាំង និង បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបជាបន្ទាន់នានាដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ