ព្យុះទីហ្វុង Kajiki ធ្វើឱ្យតំបន់ដីគោកក្នុងប្រទេសវៀតណាមជន់លិចដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរជាពិសេសនៅទីក្រុងហាណូយនិងបន្តទៅកាន់ប្រទេសឡាវនិងថៃ 

ភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃអង្គារនេះ សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបន្ទាប់ពីមានព្យុះត្រូពិចបោកបក់នៅប្រទេសវៀតណាម ដោយជន់លិចផ្លូវនានាក្នុងរដ្ឋធានី ផ្តួលរំលំផ្ទាំងប៉ាណូ និងបំបាក់បង្គោលភ្លើង និងដើមឈើជាដើម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសវៀតណាមបាននិយាយថា៖ សំណល់ព្យុះទីហ្វុង Kajiki ពេលនេះ គឺជាព្យុះត្រូពិចដែលបានវាយប្រហារប្រទេសឡាវ ដោយមកជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និង បន្តបោកបក់នៅប្រទេសថៃផងដែរ។ រដ្ឋាភិបាលវៀតណាមបានគ្រោងនឹងជម្លៀសមនុស្សជិត៦០ម៉ឺននាក់នៅក្នុងខេត្ត Thanh Hoa, Quang Tri, Hue និង Danang ដែលមានខ្នងផ្ទះជាង ១សែន៥ម៉ឺន២ពាន់ខ្នងដែលស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ទាហានជាង ១៦.៥០០នាក់ និងយោធាប៉ារ៉ាចំនួន ១០៧.000 នាក់ កំពុងជួយជម្លៀសមនុស្សចេ និង កំពុងរង់ចាំការស្វែងរកជំនួយសង្រ្គោះនានាដែរ។ អាកាសយានដ្ឋានចំនួនពីរក្នុងខេត្ត Thanh Hoa និងខេត្ត Quang Binh នៅតែបិទដំណើរការដដែលនៅថ្ងៃអង្គារនេះ បន្ទាប់ពីជើងហោះហើរត្រូវបានផ្អាកកាលពីថ្ងៃចន្ទមក។ យោងតាមទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថាព្យុះទីហ្វុង Kajiki បានធ្វើឱ្យតំបន់ដីគោកនៅភាគកណ្តាលប្រទេសវៀតណាម ត្រូវរងនូវកម្លាំងខ្យល់បក់ជាអតិបរមា ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង និងមានភ្លៀងធ្លាក់ខ្លាំងបង្កទៅជាជំនន់ទឹកភ្លៀង និងការប្រកាសអាសន្នពីហេតុការណ៍បាក់ដីថែមទៀតផង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ VTV បានរាយការណ៍បន្ថែមទៀតថា ខ្យល់ព្យុះបានបោកបក់រំលំផ្ទាំងប៉ាណូ និងដំបូលអគារ រំលំដើមឈើ រំលំបង្គោលភ្លើង បន្ទាប់ពីវាបានបន្តវាយប្រហារនៅរសៀលថ្ងៃច័ន្ទម្សិលមិញ ក្នុងអំឡុងពេលមានខ្យល់បោកបក់ខ្លាំង បណ្តាលឱ្យមានទឹកជំនន់តាមឆ្នេរសមុទ្រក្នុងខេត្ត Nghe An និង Ha Tinh ។ រយៈពេលពេញមួយយប់ ក៏មានភ្លៀងធ្លាក់ខ្លាំងនៅចន្លោះខេត្ត Thanh Hoa ភាគកណ្តាលវៀតណាម និងខេត្ត Ha Tinh ។ ផ្លូវថ្នល់នានាក្នុងរដ្ឋធានីហាណូយវិញ ក៏ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងដូចគ្នា។ អ្នកវិទ្យាសាស្ត្របានចេញផ្សាយការសិក្សាមួយកាលពីឆ្នាំមុនដោយព្រមានថាទឹកសមុទ្រដែលឡើងកំដៅ ដោយសារការប្រែប្រួលអាកាសធាតុនឹងបណ្តាលឱ្យព្យុះស៊ីក្លូននៅតំបន់អាស៊ីអាគ្នេយ៍កើតឡើងកាន់តែជិត ពង្រឹងល្បឿនកាន់តែលឿន និងរយៈពេលយូរ បង្កើនហានិភ័យសម្រាប់ទីក្រុងជាច្រើនដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ