ព្យុះទីហ្វុង Fung-Wong បន្តវាយប្រហារហ្វីលីពីនមិនថមថយ ដោយបានសម្លាប់មនុស្ស២៧នាក់ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ពលរដ្ឋជាង៣.៥៩លាននាក់ទូទាំងប្រទេស
យោងតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយដោយក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិនៅព្រឹកថ្ងៃពុធនេះបានឱ្យដឹងថា៖ ព្យុះទីហ្វុង Fung-Wong បានឆក់យកជីវិតមនុស្សចំនួន២៧ នាក់បន្ថែមទៀតហើយ និងបានប៉ះពាល់ដល់មនុស្សជាង ៣.៥៩លាននាក់នៅទូទាំងប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុង Kalmaegi សម្លាប់ប្រជាជនហ្វីលីពីនជាង២២០នាក់ដែរ ។ ព្យុះទីហ្វុងដ៏កាចសាហាវប្រភេទទី៥ Fung-Wong នេះបានបោកបក់លើខេត្តអូរ៉ូរ៉ានៅភាគខាងកើតនៃកោះលូហ្សុននៃប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃអាទិត្យ ដោយបានវាយប្រហារក្រុងឌីណាឡុងហ្គាននៅវេលាម៉ោងប្រហែល ២១:១០ ម៉ោងក្នុងស្រុក នេះបើយោងតាមការិយាល័យអាកាសធាតុរដ្ឋ។ ប្រតិបត្តិការស្វែងរកមនុស្ស២នាក់ដែលបាត់ខ្លួននៅតែបន្ត ខណៈដែលប្រទេសនេះចាប់ផ្តើមវាយតម្លៃពីវិសាលភាពពេញលេញនៃទំហំខូចខាតដែលបង្កឡើងដោយព្យុះទីហ្វុងថ្មីៗ។ គិតត្រឹមម៉ោង ០៦ព្រឹកថ្ងៃពុធនេះ ព្យុះទីហ្វុង Fung-Wong បានបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ដោយបង្កឱ្យមានគ្រោះទឹកជំនន់ពន្លិចផ្លូវថ្នល់ចំនួន៥៧៨ខ្សែ និងបំផ្លាញខ្នងផ្ទះជាង ៤០.០០០ខ្នង។ យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសាធារណៈជាច្រើនទៀតក៏ត្រូវបានខូចខាតដែរ ក្នុងនោះមានទាំងសាលារៀន មន្ទីរពេទ្យ និងកន្លែងសាធារណៈផ្សេងទៀតសរុបចំនួន៦៦៨កន្លែង កំហូចផ្លូវចំនួន៦២៥ និងស្ពានចំនួន ៧៨ ត្រូវបានរងផលប៉ះពាល់ ហើយបានកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង និងទីប្រជុំជនចំនួន ៤៩៧ កន្លែង។ លើសពីនេះសេវាកម្មក្នុងស្រុកត្រូវបានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការផ្គត់ផ្គង់ទឹកត្រូវរំខាននៅក្នុងទីក្រុងចំនួន ២៩ និងប្រព័ន្ធទំនាក់ទំនងត្រូវបានបិទនៅក្នុងតំបន់ចំនួន ១២១។ ផលប៉ះពាល់នៃព្យុះនេះបានបង្ខំឱ្យទីក្រុង និងទីប្រជុំជនសរុបចំនួន ១០៥៤ ត្រូវផ្អាកថ្នាក់រៀន និង ៨០៧ ត្រូវបញ្ឈប់ការងារបុគ្គលិកដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



