ពោត​ក្រហម និងដំឡូង​មី ត្រូវបានក្រុមហ៊ុនក្នុងស្រុក​ចំនួន ៣ រួមគ្នាប្រមូលទិញ​ ដើម្បី​ផលិត​ជា​ចំណីសត្វ

ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ៣ បាន​ចុះ​អនុស្សរណៈ​រួម​គ្នា កាលពីថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០២៥ ​សំដៅ​ជំរុញ​ការ​ប្រមូល​ទិញ​ផលិតផល​ពោត​ក្រហម ដំឡូង​មី និង​វត្ថុ​ធាតុ​ដើម​ដទៃ​ទៀត​ក្នុង​ស្រុក សម្រាប់​ផលិត​ជា​ចំណី​សត្វ​។

ក្រុម​​ហ៊ុន​ទាំង ៣ ​មាន​ ៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង​។ ក្រុមហ៊ុនទាំង៣នេះ ​បាន​ចុះ​អនុស្សរណៈ​រួម​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ប្រមូល​ទិញ​ផលិតផល​ពោត​ក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ។ 

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​ ​​លោក​ជំទាវ ចម និម្មល បានគូសបញ្ជាក់ថា តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ក្រុមហ៊ុន​ផលិត​ចំណីសត្វ​ទាំង ៣ នឹង​ប្រមូល​ទិញ​កសិកផល​ក្នុងស្រុកក្នុងបរិមាណសរុប ពោតក្រហម ៥៤ ០០០ តោន/ឆ្នាំ,  ដំឡូងមី ១៣​ ០០០ តោន/ឆ្នាំ, កញ្ជុងអង្ករ ១២​ ៨០០ តោន/ឆ្នាំ, និងកន្ទក់ ៣០​ ០០០ តោន/ឆ្នាំ។

លោក​ជំទាវបាន​សង្កត់ធ្ងន់​លើ​តួនាទី និងការចូលរួម​ដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេសក្រុមហ៊ុន​ផលិត​​ចំណីសត្វ​ទាំងអស់​នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បី​បង្កើន​ផលិតភាព និងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និង​បង្កើន​ឱកាស​ធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និង​លើកស្ទួយ​ជីវភាព​ដល់ប្រជាកសិករខ្មែរ។ 

​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ក៏​ធ្វើការ​ណែនាំ​ឱ្យក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​ បន្ត​កិច្ចសហការ​ឱ្យ​បាន​ជិតស្និទ្ធិ​ជា​មួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ លើ​ការងាររៀបចំផែនការដាំដុះ និងប្រមូលទិញ កសិផល​សម្រាប់​ផលិត​ចំណីសត្វ ជា​មួយ​កសិករ តាមរយៈ​ការរៀបចំឱ្យមានការផ្គូរផ្គងរវាងក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយ​ផ្តោតសំខាន់ផងដែរលើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងបញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕