ពីទីក្រុងនីសប្រទេសបារាំងសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហាព្រំដែន គឺមិនដកកងទ័ពចេញពីព្រំដែន និងត្រៀមការពារទឹកដី

ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ពីទីក្រុងនីសប្រទេសបារាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារខ្លីមួយ តាមរយៈបណ្តាញទំនាក់ទំនងសង្គជូនចំពោះបងប្អូនជនរួមជាតិ៖

១. ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្ដីប្រកាសពត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ៖

-ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ

-រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ

-កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា

-កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចារព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មការជម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

២. បន្ថែមទៅលើប្រកាសរបស់ក្រសួងការពារជាតិខាងលើ ខ្ញុំសូមបញ្ជាក់សារជាថ្មីជូនបងប្អូនជនរួមជាតិថា៖

-រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ – ICJ ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)

-រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

៣. ខ្ញុំក៏សូមអំពាវនាវអោយបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើង៖

-សូមរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរយើង

-ជាពិសេស សូមជៀសវាងការបង្កើត ឬចែករំលែកពត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំអោយមានការយល់ច្រឡំ និងនាំអោយបំប៉ោងសភាពការណ៏លើសពីការពិត ដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។