ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករទៅលក់នៅទីផ្សារក្រៅប្រទេស គិតជាទឹកប្រាក់ជាង២៨៣លានដុល្លារ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៣កក្កដានេះ បានអោយដឹងថា ៖ រយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករទៅលក់នៅទីផ្សារក្រៅប្រទេស បានចំនួនជាង៣៨ម៉ឺន៧ពាន់តោន គិតជាទឹកប្រាក់មានចំនួនជាង២៨៣លានដុល្លារ។
អង្ករកម្ពុជា ដែលមានហាងឆេងនាំចេញទៅបរទេសច្រើនជាងគេ រួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទ ៧៥ភាគរយ, អង្ករ-សគ្រាប់វែង ជិត២០ភាគរយ, អង្ករចំហុយ ជាង២ភាគរយ និងអង្ករសរីរាង្គ ជាង២ភាគរយ។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៦ខែដូចគ្នា កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាង បានចំនួនជាង៣លានតោន ទទួលបានចំណូលជាង៧៥៧លានដុល្លារ។
អង្កររបស់កម្ពុជា ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុនចំនួន៥០ទៅកាន់គោលដៅចំនួន៦៣រួមមាន៖ ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប, ប្រទេសសមាជិកអាស៊ាន, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត, អាហ្វ្រិក, មជ្ឈិមបូព៌ា។ល។
ការនាំចេញអង្ករ និងស្រូវរបស់កម្ពុជានាពេលនេះ មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ រយៈពេល៦ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិ បានចំនួន៣៣ម៉ឺន៨ពាន់តោន គិតជាចំណូលបានជាង២៤៧លានដុល្លារអាម៉េរិក និងនាំចេញស្រូវ២,៥២លានតោន គិតជាទឹកប្រាក់ចំនួនជាង៧២៧លានដុល្លារ៕