ពិព័រណ៍អាពាហ៍ពិពាហ៍ Wedding Fair លើកទី២ ធំជាងគេក្នុងរាជធានីភ្នំពេញ នឹងប្រារព្ធធ្វើឡើងនៅទីតាំង អគារមង្គលការ ដឹ ព្រេមៀ សេន ធ័រ សែនសុខ នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នាដឹ ព្រេមៀ ផាលេស
លោក មាន សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាងអោយ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទសារព័ត៌មានអំពីពិព័រណ៍អាពាហ៍ពិពាហ៍ Wedding Fair លើកទី២ ឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមកពីក្រុមហ៊ុនធំៗទាំង៧ រួមមាន Vattanac Brewery ,Sofitel Phnom Penh Phokeethra , Geely ,OUR STUFF CARPET សំអាងការ អប្សរាខ្មែរស្តាយ ,Aion Cambodia និងKid Paradise។
លោក មាន សំអុល បានមានប្រសាសន៍ថា ក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក និងរៀបចំព្រឹត្តការណ៍តាំងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ ដែលមានលក្ខណះខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ ដែលនឹងប្រារព្ធធ្វើឡើង នៅទីតាំង អគារមង្គលការ ដឹ ព្រេមៀ សេន ធ័រ សែនសុខ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និង ជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។លោកនាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម បានមានប្រសាសន៍បញ្ជាក់ថា គោលបំណងចម្បងរបស់ក្រុមហ៊ុនយើងដែលបង្កើតពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះឡើង គឺ៖ ១. ដើម្បីអោយគ្រប់ក្រុមហ៊ុនដែលមានអាជីវកម្មនិងកម្មវិធីមង្គលការទាំងអស់ បានចូលរួមក្នុងការផ្សព្វផ្សាយ ដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួនទាក់ទងនៅក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នេះ ។ ២. ផ្តល់ភាពងាយស្រួលចំពោះអតិថិជនកូនកំលោះកូនក្រមុំ គូរស្វាមីភរិយា ដែលមានគំរោងរៀបចំមង្គលការ និង បណ្តារក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអាពាហ៍ពិពាហ៍ ដើម្បីបង្កើតទំនាក់ទំនងល្អ និងផ្តល់ពត៌មានលំអិតជូនអតិថិជន ។ ៣. ចូលរួមចំណែកដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើងដែលមានតាំងយូរលង់ណាស់មកហើយ ដើម្បីអោយភ្ញៀវជាតិ និងអន្តរជាតិបានជ្រួតជ្រាបពីប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង ។ នៅក្នុងឱកាសនេះ លោក មាន សំអុល បានបញ្ជាក់បន្តថា អ្វីដែលប្លែកអស្ចារ្យបន្ថែមទៀត នោះ គឺក្រុមហ៊ុនយើងខ្ញុំបានរៀបចំកម្មវិធីមង្គលការជូនគូស្រករក្រីក្រចំនួន៥គូ ពុំមានលទ្ធភាពរៀបចំមង្គលការ នឹងរៀបចំនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ អគារ H ដែលមានអ្នកចូលរួមជួយសហការឧបត្ថម្ភ ក្នុងនោះ រួមមាន អគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ, ម្ហូបចិន ដឹ ប្រេមៀ ផាលេស, សំអាងការ អប្សរាខ្មែរស្តាយ, សំអាងការ ណុប ដាណេ, Décor Astra, ភ្លើងពណ៌ Flash, ក្រុមហ៊ុន វឌ្ឍនះ, វិសាខា, តារាតន្ត្រី, ម្លូជ័យរៀបជំនូន, និងហេង គង់ ក្តាពីស។ ឆ្លៀតក្នុងឱកាសនេះដែរ លោកនាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម បានជម្រាបជូននូវលទ្ធផលនៃការរៀបចំពិព័រណ៍អាពិពាហ៍ពិពាហ៍ លើកទី១ ឆ្នាំ២០២៤ ដោយក្នុងព្រឹត្តិការណ៍នោះ មានការចូលរួមជាច្រើនពីសំណាក់បណ្តាក្រុមហ៊ុនដែលជាដៃគូរសហការចំនួន ៦៩ ក្រុមហ៊ុន និងមានអ្នកចូលរួមទស្សនាការតាំងពិព័រណ៍រយៈពេល០៣ថ្ងៃមានចំនួនរហូតទៅដល់ជាង ៦០០០នាក់ ហើយក្នុងនោះផងដែរ ក្រុម ហ៊ុនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍នេះទទួលបាននូវការលក់ និងកក់ពីសំណាក់អតិថិជនជាច្រើន នៅក្នុងថ្ងៃកម្មវិធីពិព័រណ៍នោះ។
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ Wedding Fair លើកទី២ ឆ្នាំ២០២៥ នាពេលឆាប់ៗខាងមុខនេះ ក៏មានការប្រគុំតន្ត្រីខ្នាតធំដោយកំពូលតារាចម្រៀង លោក ជី ដេវិត លោកលឹម តិចម៉េង នឹងលោកទេព ពិសិដ្ឋ ក៏ដូចជាសិល្បៈករសិល្បៈការនី ជាច្រើនរូបទៀត។ លើសពីនេះទៅទៀត យើងក៏បានរៀបចំជាកន្លែងកូនក្មេងតូចៗកម្សាន្ត Kid Playground យ៉ាងធំទូលាយ ទំហំជិត ១០០០ម៉ែត្រការ៉េ និងព្រមទាំងមានស្តង់អាហាររាប់សិបស្តង់សម្រាប់អតិថិជន ទទួលទានអាហារ។
គួរបញ្ជាក់ដែរថា កម្មវិធីពិព័រណ៍លើកទី២នេះ មានដៃគូរសហការចូលរួមចំនួន៧៩ ក្រុមហ៊ុន រួមមាន៖
១. អ្នកឧបត្ថម្ភធំ មានចំនួន ៧ ក្រុមហ៊ុន
២. អ្នកសហការឧបត្ថម្ភ មានចំនួន ២៦ ក្រុមហ៊ុន
និង៣. អ្នកឧបត្ថម្ភ មានចំនួន ៤៦ក្រុមហ៊ុន៕