ពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៅប្រទេសបារាំង

នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង សហការជាមួយអាជ្ញាធរទីក្រុង Lognes និងសមាគមន៍យុវជនខ្មែរនៅបារាំង បានរៀបចំពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ យ៉ាងអធិកអធម នៅសាល Citoyen ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជ្ញាធរមូលដ្ឋានបារាំង តំណាងរាស្ត្រ និងសហគមន៍ខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសបារាំង និងវត្តមានឥស្សរជនសំខាន់ៗ រួមមាន លោក Vincent Éblé លោក Thomas Lam ឯកឧត្តម Long Kosal ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូ ព្រមទាំងអភិបាលក្រុងនានា ដូចជា Lognes, Bussy-Saint-Georges, Noisiel និង Croissy-Beaubourg ផងដែរ។

យើងសង្កេតឃើញថា កម្មវិធីចាប់ផ្តើមដោយការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា និង បន្តដោយការសង្រួមអារម្មណ៍រយៈពេល ១នាទី ដើម្បីគោរពដល់យុទ្ធជន និងជនរងគ្រោះដែលបានបាត់បង់ជីវិត ព្រមទាំងជនភាសសឹកដោយសារការឈ្លានពានរបស់ថៃមកលើកម្ពុជា។

បន្ទាប់មក លោក Nicolas Delaunay អភិបាលក្រុង Lognes បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបញ្ជាក់ពីការគាំទ្រដ៏រឹងមាំរបស់អាជ្ញាធរបារាំងចំពោះសហគមន៍ខ្មែរ និងការលើកកម្ពស់វប្បធម៌ចម្រុះនៅក្នុងអភិបាលកិច្ចរបស់លោក។

ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ គឺជាបេះដូងនៃវប្បធម៌ខ្មែរ ដែលសហគមន៍ខ្មែរតែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ បើទោះបីជាពួកគាត់រស់នៅឆ្ងាយពីមាតុភូមិកម្ពុជាក៏ដោយ។ ឯកឧត្តម បានលើកសរសើរចំពោះការចូលរួមយ៉ាងច្រើនកុះកររបស់សហគមន៍ខ្មែរ ដែលបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណ និងសាមគ្គីភាពជាតិ។

ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរទីក្រុង Lognes ដែលតែងតែបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដែលបានក្លាយជាឱកាសនៃការជួបជុំវប្បធម៌ដ៏សំខាន់។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងពីការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា–បារាំង ដែលកំពុងឈានទៅរកកម្រិត “ដៃគូយុទ្ធសាស្ត្រ” តាមរយៈកិច្ចពិគ្រោះយោបល់នយោបាយ ការប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

ឯកឧត្តមឯកអគ្គរាជទូតបានរំលឹកពីដំណើរទស្សនកិច្ចសំខាន់ៗ រួមមាន ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅប្រទេសបារាំង កាលពីឆ្នាំ២០២៣ និងទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅបារាំងកាលពីឆ្នាំ២០២៤

ជាពិសេស ក្នុងសប្ដាហ៍ដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល One Health Summit នៅទីក្រុង Lyon កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ និងបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Élysée ដែលបានបញ្ជាក់សាជាថ្មីពីការប្រកាន់ដ៏រឹងមាំនូវគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី និងការគាំទ្ររួមលើពហុភាគីនិយម ច្បាប់អន្តរជាតិ និងសន្តិភាពពិភពលោក។

ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ពីទស្សនៈវិស័យនៃទំនាក់ទំនងទ្វេភាគីដែលមានទិសដៅច្បាស់លាស់ ជាមួយនឹងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាការរំពឹងទុកអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងទៅកម្ពុជា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។ ទស្សនកិច្ចនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Charles de Gaulle នៅឆ្នាំ១៩៦៦។

នៅក្នុងព្រឹត្តិការណ៍នេះ សមាគម ទេពមនោរម្យបានបង្ហាញពី “របាំជូនពរ” ដែលជារបាំប្រពៃណីនាំមកនូវសេចក្តីសុខ និងសំណាងល្អ និង “របាំព្រលឹងអង្គរ” ដែលបង្ហាញពីអរិយធម៌អង្គរ និងសារសន្តិភាព។ ការសម្តែងនេះបានទាក់ទាញការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។

ភ្ញៀវកិត្តិយសទាំងអស់បានរីករាយជាមួយអាហារប៊ូហ្វេម្ហូបខ្មែរ ការជួបជុំសន្ទនា និងការរាំលេងកម្សាន្ត ប្រកបដោយបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ។