ពិធីសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាលសហប្រតិ បត្តិការជាមួយសាកលវិទ្យាល័យការពារជាតិ ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាលសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យការពារជាតិ ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល។
តាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តមបណ្ឌិត សុខ សេង យ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនថា
វគ្គបណ្តុះបណ្តាលសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យការពារជាតិ ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃនេះ មានមន្ត្រីរាជការនៃក្រសួងការពារជាតិ ចំនួន ៩០នាក់ ចូលរួមជាសិក្ខាកាម។ ឯកឧត្តមបណ្ឌិត បានជម្រាបជូនបន្តថា ចាប់តាំងពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៃថ្ងៃចុះអនុស្សារណៈមក សាលាភូមិន្ទរដ្ឋបាល បានធ្វើការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព នវានុវត្តន៍ក្នុងគោលនយោបាយសាធារណៈ ការគ្រប់គ្រង ដឹកនាំ អង្គភាព-ស្ថាប័នសាធារណៈ និងសម្ថភាពជំនាញ ការតាក់តែងលិខិតរដ្ឋបាល និងគិតិយុត្ត របៀបសរសេររបាយការណ៍ និងកំណត់ហេតុ និងពិធីការ បដិសណ្ឋារកិច្ច និងការរៀបចំពិធី ដល់ពលទាហ៊ាន នាយទាហ៊ានរង នាយទាហ៊ាន និងយោធាចារ្យ បាន៖ ក្នុងឆ្នាំ២០២៤ ចំនួន៩៨នាក់ ស្រី១២នាក់ និងឆ្នាំ២០២៥ ចំនួន១៨០នាក់ ស្រី៤នាក់ សរុបទាំង៣វគ្គនេះ មានចំនួន២៧៨នាក់។
ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា នេះគឺជាលើកទី៣សម្រាប់សាលាភូមិន្ទរដ្ឋបាល ក្នុងការទទួលបានឱកាសជួយបំពេញដល់តម្រូវការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងការពារជាតិក៏ដូចជាសាកលវិទ្យាល័យការពារជាតិ ដែល មានបំណងអភិវឌ្ឍសមត្ថភាព ចំណេះដឹង ចំណេះធ្វើ វិធីសាស្ត្រ និងឥរិយាបថស្តង់ដារ ផ្អែកលើជំនាញរដ្ឋបាលធារណៈជាក់លាក់។ នេះគឺការឆ្លុះបញ្ជាំអំពីឆន្ទៈដ៏មុតមាំរបស់សិក្ខាកាមក្នុងការសិក្សារៀនសូត្របន្ថែម ដើម្បីតាមឱ្យទាន់នូវបច្ចុប្បន្នភាពរបស់គោលនយោបាយ និងការងារកែទម្រង់ ហើយនេះក៏ជាការផ្តល់នូវភាពជឿជាក់ជូនសាលាភូមិន្ទរដ្ឋបាលក្នុងការរៀបចំ និងគាំទ្រការអភិវឌ្ឍធនធានមនុស្ស ស្របតាមផែនការ យុទ្ធសាស្ត្របញ្ចាកោណដំណាក់ការទី១របស់រាជរដ្ឋាភិបាល នីតិកាលទី១នៃរដ្ឋសភា ក្រោមការដឹកនំាប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបញ្ជាក់ថាជាការពិតណាស់ វគ្គបណ្តុះបណ្តាលសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យការពារជាតិ ត្រូវបានរៀបចំឡើងគាំទ្រដល់ការបំពេញតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រី ប្រកបដោយវិន័យ គុណភាព គុណធម៌ និងសមត្ថភាពវិជ្ជាជីវៈខ្ពស់ ក្នុងក្របខណ្ឌអភិបាលកិច្ចនិងបរិវត្តកម្មរដ្ឋបាលសាធារណៈ ដើម្បីធានា បានថា រាល់ការបំពេញបេសសកម្មដែល ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ប្រគល់ជូនប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព បរិយាបន្ន និងអាចព្យាករណ៍បាន។
ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម យក់ ប៊ុនណាសូមកោតសរសើរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសិក្ខាកាម ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល ទោះបីជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ កំពុងតែមមាញឹកការងារខ្លាំង ក្នុងការជួយគាំទ្រការងារការពារបូរណភាពទឹកដី និងអធិតេយ្យជាតិរបស់រាជរដ្ឋាភិបាលក៏ដោយ។ ឯកឧត្តមជឿជាក់ថាសិក្ខាកាមនឹងចូលរួមទទួលការបណ្តុះបណ្តាល អនុលោមតាមគោលការណ៍ដែលបានកំណត់ ដើម្បីទទួលបានគុណភាពជាប្រយោជន៍ដល់ការពង្រឹងបេសសកម្មរបស់សាកលវិទ្យាល័យការពារជាតិ៕



