ឯកឧត្តម ហេង សួរ ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ពទាំង ១១៣គ្រួសារ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌពោធិ៍សែនជ័យ។
នាឱកាសនេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាក ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈ សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ បន្ថែមពីនោះឯកឧត្តមក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់សមាជិកគ្រួសារកងទ័ពផងដែរ។
ទន្ទឹមនេះ ឯកឧត្តម បានផ្ដល់អនុសាសន៍ណែនាំដល់ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ សូមបន្តយកចិត្តទុកដាក់ និងបន្តសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារកងទ័ពតាមបណ្ដាសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ។



