ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងលើកទិសដៅការងារឆ្នាំ២០២៦

នៅសាលាអនុគុណខណ្ឌមានជ័យ  បានរៀបចំពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានី   ភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣៣ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះសម្ដេចនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះ មេគណរាជធានីភ្នំពេញ , សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ , លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងមានសមាសភាព និមន្ត និងអញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ សមណសិស្ស មន្ត្រីរាជការ និងគណៈកម្មការ អាចារ្យ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ៤០០ អង្គ/នាក់ នៅវត្តនន្ទមុន្នី រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ។

យោងតាមរបាយការណ៍របស់ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានបង្ហាញថា នៅរាជធានីភ្នំពេញ មានវត្ដសរុបចំនួន ១៥១វត្ដ និងមានព្រះសង្ឃសរុប ទាំងពីរគណៈ ចំនួន ៨ ៨៤៩ អង្គ ក្នុងនោះ ភិក្ខុ ៣ ៤៨៤ អង្គ និងសាមណេរចំនួន ៥ ៣៦៥អង្គ ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ សាលាគណ រួមជាមួយនឹងមន្ទីរធម្មការនិង សាសនារាជធានីភ្នំពេញ បានអនុវត្តការងារសម្រេចលទ្ធផល  ព្រមទាំងបញ្ហាប្រឈមដែលកើតមាន គឺបានដោះស្រាយដោយជោគជ័យ ហើយអ្វីដែលយើងជួបការលំបាកក្នុងការដោះស្រាយបន្ត ទៀតនោះ គឺបញ្ហាជនក្លែងបន្លំជាបព្វជិត នឹងលបលួចធ្វើសកម្មភាពបន្តទៀត ដែលទាមទារសុំ កិច្ចសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ដើម្បីឈានទៅបញ្ចប់បញ្ហានេះឱ្យបានជោគជ័យ។ 

លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា មានប្រសាសន៍ថា ពិធីផ្សព្វ ផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នេះ គឺប្រព្រឹត្តទៅប្រកបដោយមហាសាមគ្គីភាពដ៏ទូលំទូលាយ និងស្និទ្ធស្នាលបំផុត ក្នុងវិស័យសាសនា ស្របពេលដែលប្រជាជនកម្ពុជាយើង កំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់ របស់អង្គព្រះមហាក្សត្រជាទី គោរពសក្ការៈ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងថាមភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ ចេញនៅនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន រហូតមកដល់ពេលបច្ចុប្បន្ន បន្តដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ព្រះពុទ្ធសាសនាចូល ក្នុងកម្មវិធីអប់រំតាមសាលារៀនរដ្ឋនិ ងឯកជនផងដែរ ដោយជឿជាក់ថា «អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣» បាននាំមកនូវ លទ្ធផលដ៏ត្រចះត្រចង់ តាមរយៈការពិភាក្សា និងការចែករំលែកទស្សនៈសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹង ការវាយតម្លៃការប្រណិប័តន៍ធម៌វិន័យ របស់ព្រះសង្ឃ ការកំណត់ និងការដាក់ ចេញនូវដំណោះស្រាយសម ស្រប ព្រមទាំងការតាមដាន និងការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្ត សង្ឃប្រកាស ដែលបានដាក់ចេញ នាឆ្នាំកន្លងមក។ ការជួបជុំនាពេលនេះពិតជាមានសារៈ សំខាន់ណាស់ ដើម្បីកែលម្អបទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធសាសនា ក៏ដូចជាការដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីលើក កម្ពស់គុណតម្លៃ និងតួនាទីរបស់ព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ។

ក្នុងនាមក្រសួងធម្មការនិងសាសនា ដែលមាន ឯកឧត្តមបណ្ឌិត ចាយ បូរិន ជា រដ្ឋមន្ត្រី ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា បានត្រៀមលក្ខណៈជានិច្ចក្នុង ការសហការជាមួយនឹងគណៈសង្ឃ ក្នុងរាជធានីភ្នំពេញ ដើម្បីអនុវត្តឱ្យខាងតែបាននូវខ្លឹមសារនៃសង្ឃ ប្រកាសអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣។ លោកជំទាវក៏បានលើកទឹកព្រះទ័យ ទឹកចិត្ត រក្សាឱ្យបាន នូវស្មារតីសាមគ្គីភាពជាធ្លុងមួយ ដើម្បីបន្តរៀបចំ និងអនុវត្តផែនការថ្មីៗ ស្របតាម គោលនយោបាយ លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា» សំដៅលើក តម្កើងគុណតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ ខ្មែរឱ្យបាន រុងរឿង និងគង់វង្ស, ព្រមទាំងលើកកម្ពស់សីលធម៌សង្គម និង សុខដុមនីយកម្មសាសនា ក្នុងសង្គមជាតិផងដែរ។

សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ មានសង្ឃដិកាថា ពិធីផ្សព្វផ្សាយ ខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃ ទូទាំងប្រទេសលើកទី៣៣ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សាលាគណរាជធានីភ្នំពេញ នាពេលនេះគឺស្ថិត ក្រោមបរិយាកាសដែលព្រះរាជាណាចក្រកម្ពុជា មានសុខដុមរមនា ប្រកបដោយស្មារតីឯកភាព សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាល ហើយក៏ជាទីទំនុកចិត្ដដ៏កក់ក្ដៅបំផុត របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះ រាជា ណាចក្រកម្ពុជា តែងតែចូលរួមសហការជាមួយក្រសួងធម្មការនិងសាសនា តែងតែបាន រៀបចំ អនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃ ទូទាំងប្រទេសប្រចាំឆ្នាំនីមួយៗ  ដើម្បីត្រួតពិនិត្យលើកការ អនុត្ដន៍ខ្លឹមសារសង្ឃប្រកាសកន្លងមក និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ដទៀត។

សម្តេចបញ្ជាក់ថា ចំពោះសាលារគណរាជធានីភ្នំពេញ រួមជាមួយនឹងមន្ទីរធម្មការនិង សាសនា រាជធានីភ្នំពេញ តែងតែយកចិត្ដទុកដាក់យ៉ាងខ្ពស់បំផុត និងការទទួលខុសត្រូវចំពោះ ព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមក្នុងសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ និងថែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ របស់ប្រទេសជាតិ និងតម្លៃព្រះពុទ្ធសាសនា៕