ពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ថ្លែងក្នុង ពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងួន ស្តេចភក្តី បានលើកឡើងថា ការសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាការកសាងនូវ “សតិសម្បជញ្ញៈនិងអរិយធម៌ក្នុងចិត្ត” ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងមានការគាំទ្រពី ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ក្នុងវិស័យពុទ្ធចក្រ ពិសេសគោលនយោបាយអប់រំពុទ្ធិកសិក្សា បានក្លាយជាថ្នាលបណ្តុះនូវបញ្ញវន្ត “ទូតនៃចំណេះដឹង និងគុណធម៌” ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅក្នុងស្ថាប័នរដ្ឋនិងឯកជននានា។
ពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះមានការអញ្ជើញជាសហអធិបតី ឯកឧត្តមបណ្ឌិត មាស សំណាង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តមបណ្ឌិត ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះថេរានត្ថេរគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា គណៈគ្រប់គ្រង និងសាស្រ្តចារ្យ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត មាស សំណាង ក្នុងនាមឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍ថា វិស័យអប់រំត្រូវបានបំផ្លាញចោលទាំងស្រុងនៅរបបដ៏ខ្មៅងងឹត ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលកម្ពុជាខិតខំស្តារឡើងវិញជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ។ ដោយឡែកសម្រាប់ការប្រឡងនៅថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយរបស់ សមណនិស្សិត-និស្សិត ក្នុងការឈានទៅការអភិវឌ្ឍសមត្ថភាពខ្លួនឲ្យក្លាយជាអ្នកប្រាជ្ញា ឬជាអ្នកដឹកនាំនាពេលអនាគត និងសូមជូនពរដល់សមណនិស្សិត-និស្សិត ទទួលជោគជ័យនៅក្នុងការប្រឡងនេះផងដែរ។
សូមជម្រាបជូនថា ការប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ លើឯកទេសចំនួន ៧ រួមមាន ៖ រដ្ឋបាលសាធារណៈ ជំនាន់ទី២១ នីតិឯកជន ជំនាន់ទី៥ គ្រប់គ្រងទូទៅ ជំនាន់ទី៨ វិទ្យាសាស្ត្រអប់រំ ជំនាន់ទី១០ បង្រៀនភាសាអង់គ្លេស ជំនាន់ទី១០ អក្សរសាស្ត្រខ្មែរ ជំនាន់ទី៥ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ជំនាន់ទី១ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយមានបេក្ខសមណនិស្សិត-និស្សិត ចូលរួមប្រលងប្រមាណ ៦៤៣ អង្គ/នាក់ ៕


