ពិធីប្រគល់-ទទួល ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ ជាអំណោយដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោក ជូនក្រសួងសុខាភិបាល សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ ជាអំណោយដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោក ជូនក្រសួងសុខាភិបាល សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត Pascal Ringwald តំណាង ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់អង្គការសុខភាពពិភពលោក ជូនប្រជាជនកម្ពុជា ដែលបាន និងកំពុងគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា យ៉ាងសកម្មតាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របទៅនឹងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ជួយឱ្យប្រសើរឡើងនូវសុខភាព-សុខុមាលភាព ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងបន្ថែមទៀតថា ជំនួយនិងការគាំទ្រដ៏មានតម្លៃរបស់អង្គការសុខភាពពិភពលោក ក៏ជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការការពារ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺឆ្លង ជំងឺមិនឆ្លង មាតា ទារក និងកុមារ និងប្រជាពលរដ្ឋរងគ្រោះ ជាពិសេសការផ្គត់ផ្គង់ទាំងនេះនឹងអនុញ្ញាតឱ្យបុគ្គលិកសុខាភិបាលជួរមុខ ផ្តល់សេវាសង្គ្រោះដល់ប្រជាជនរងគ្រោះ ដែលផ្លាស់ទីលំនៅ ក្នុងតំបន់ដែលមានហានិភ័យខ្ពស់។

លើសពីនេះទៀត WHO កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការវាយតម្លៃហានិភ័យ ការវិភាគស្ថានភាពសុខភាពសាធារណៈ និងការទំនាក់ទំនងហានិភ័យ។ ការគាំទ្រដ៏សំខាន់នេះឆ្លុះបញ្ចាំងមិនត្រឹមតែភាពជាអ្នកដឹកនាំសកលរបស់អង្គការសុខភាពពិភពលោកក្នុងការឆ្លើយតបគ្រោះអាសន្នផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្មារតីរឹងមាំនៃសាមគ្គីភាព និងភាពជាដៃគូដែលយើងបានកសាងជាមួយគ្នាអស់ជាច្រើនឆ្នាំមកនេះ។

នាឱកាសនេះដែរ ឯកឧត្តមសាស្រ្តចារ្យ បានថ្លែងអំណរគុណ ចំពោះអង្គការសុខភាពពិភពលោក  ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏សប្បុរសនេះ ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្ត្រដ៏យូរលង់ក្នុងវិស័យសុខាភិបាល ដែលត្រូវបានកត់សម្គាល់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនូវគុណភាពនៃការបម្រើសេវាសុខភាព។