ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលសង្កាត់ និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ

នាព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលសង្កាត់ និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលរំលឹកនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលារាជធានីភ្នំពេញ ដោយមានសមាសភាពអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមូលនិធិជាតិជំនួយសង្គម ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរអប់រំ យុវជន និងកីឡា សាខាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ លោក លោកស្រី មកពីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌទាំង ១៤ និង លោក លោកស្រី ចៅសង្កាត់ និងមន្រ្តីកម្មវិធីនៃសង្កាត់ទាំង ១០៥ សរុបចំនួន ២៤៧រូប។
លោក រ័ត្ន សុរិបូរ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ បានឡើងថា រាជធានីភ្នំពេញ មាន១៤ខណ្ឌ ១០៥សង្កាត់ មានគ្រួសារកំពុងទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចំនួន ២៦.៣២៣គ្រួសារ។ បើពិនិត្យលើទិដ្ឋភាពជារួម រាជធានីភ្នំពេញ មានគ្រួសារកំពុងទទួលផលច្រើនផងដែរ បើធៀបទៅនឹងរាជធានី ខេត្តទាំង ២៥ ហេតុនេះ សាខាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ ពិតជាត្រូវមានទំនួលខុសត្រូវខ្ពស់ ដើម្បីសម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីនានា ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យបានគត់មត់ ពិសេស កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។
លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពិតជាបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ដំណើរការ នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ពិសេស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។ លោកជំទាវ បានកោតសរសើរដោយស្មោះចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ រួមទាំង អាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ ស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា ជាបន្តបន្ទាប់។ គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងគាំទ្រ ជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចសម្រេចបាននូវសមិទ្ធផលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសសំណេះសំណាលបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ថា មូលនិធិជាតិជំនួយសង្គមកន្លងមកបានអនុវត្តកម្មវិធីជំនួយសង្គមជាច្រើន គិតចាប់ពីឆ្នាំ២០១៩មក ហើយគ្រប់កម្មវិធីទាំងអស់បានដំណើរការទៅបានដោយជោគជ័យ និងទទួលបានការសាទរពីមជ្ឃដ្ឋានជុំវិញ។ សម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈឆ្លើយតបគ្រប់ជ្រុងជ្រោយស្របទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើតក្នុងផ្ទៃ រហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមដែលមានភាពធន់ ព្រមទាំង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយកម្មវិធីនេះត្រូវបានដាក់ឱ្យអនុវត្ត បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ។ គិតមកត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥នេះ មានគ្រួសារកំពុងទទួលផលពីកម្មវិធីជាតិជំនួយសង្គមសរុបចំនួន ៧៣៣.១៤៩គ្រួសារ និងមានសមាជិកគ្រួសារ ដែលមានភាពងាយរងគ្រោះ ដូចជា ស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ ៦០ឆ្នាំឡើង អាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ដោយរដ្ឋបានចំណាយថវិកាសរុប ៥៧៥ប៊ីលាន ១០៥លាន ២២ពាន់រៀល ស្មើនឹងទំហំប្រមាណជាង ១៤៣.៧៧លានដុល្លារអាមេរិក។ បន្ថែមពីនេះ មូលនិធិជាតិជំនួយសង្គមបានផ្តល់នូវការគិតគូរដល់គ្រួសារដែលកំពុងស្ថិតនៅតាមទីតាំងមានជម្លោះព្រំដែន ដោយបានផ្តល់ការលើកលែងសម្រាប់សមាជិកគ្រួសារដែលជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងសិស្សអាហារូបករណ៍នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព និងការអនុវត្តលក្ខខណ្ឌវត្តមានសិក្សាប្រចាំខែ រួមមាន ៤ខេត្ត គឺខេត្តបន្ទាយមានជ័យ មាន៥ស្រុក ខេត្តឧត្តរមានជ័យ មាន៤ស្រុក ខេត្តព្រះវិហារ មាន១ស្រុក និងខេត្តពោធិ៍សាត់ ១ស្រុក ដោយអ្នកទទួលផលអាចទទួលបានប្រាក់ឧបត្ថម្ភជាធម្មតា រហូតដល់ស្ថានភាពព្រំដែនមានភាពប្រសើរឡើងវិញ។
ឯកឧត្តម បានបន្ថែមទៀតថា ថ្ងៃនេះ គឺជាការជួបជុំមួយដែលសុទ្ធតែជាតួអង្គសំខាន់ៗ ហើយក៏មិនមែនជាការចៃដន្យនោះដែរ គឺបានកំណត់គោលដៅយ៉ាងច្បាស់ ក្នុងការពង្រឹងនូវយន្តការអនុវត្តកម្មវិធីនៅថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវប្រសិទ្ធភាព ប្រសិទ្ធផល ប្រក្រតីភាពក្នុងការអនុវត្ត។ វគ្គបណ្តុះបណ្តាលរំលឹក នាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រតិបត្តិករនៅថ្នាក់មូលដ្ឋាន និងបានរៀបចំនៅខេត្តចំនួន ៤រួចមកហើយ ដែលមានខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង បន្ទាយមានជ័យ និងឧត្តរមានជ័យ ហើយ ហើយមូលនិធិជាតិជំនួយសង្គមនឹងបន្តផ្តល់វគ្គបណ្តុះបណ្តាលរំលឹកនេះ ឱ្យបានគ្រប់រាជធានី ខេត្ត។
មុននឹងប្រកាសដំណើរការវគ្គបណ្តុះបណ្តាលរំលឹកនេះ ឯកឧត្តមប្រតិភូ បានផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១. សូមគ្រូឧទ្ទេសថ្នាក់ជាតិ ឈរលើមូលដ្ឋានចែករំលែក ទាំងបច្ចេកទេស បទពិសោធន៍ និងវិធីសាស្រ្ត ព្រមជាមួយនឹងការពន្យល់ បកស្រាយឱ្យបានច្បាស់
២. ក្នុងចំណោមសិក្ខាកាមថ្ងៃនេះ មិនមែនសុទ្ធតែជាអ្នកធ្លាប់មានបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីទាំងអស់នោះទេ ពិតជាមានអ្នកដែលទើបនឹងទទួលបន្ទុកកម្មវិធីថ្មី ដែលពុំទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលកន្លងមក ដូច្នេះ ថ្ងៃនេះ ពិតជាឱកាសសម្រាប់ការពង្រឹងបាននូវសមត្ថភាពគ្រប់គ្រាន់
៣. អ្វីដែលជាចម្ងល់ក្នុងការអនុវត្តកន្លងមក ថ្ងៃនេះជាឱកាសក្នុងសួរនាំដើម្បីស្វែងយល់ឱ្យបានកាន់ច្បាស់ ដើម្បីធានាដល់ការអនុវត្តកម្មវិធីនៅថ្នាក់មូលដ្ឋាន ស្របតាមនីតិវិធី និងគោលការណ៍ណែនាំ
៤. សូមស្នើសុំដល់រដ្ឋបាលរាជធានីភ្នំពេញ សូមបន្តផ្តល់នូវការគាំទ្រ និងការបង្កលក្ខណៈងាយស្រួល ក្នុងដំណើរការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីនានា ដែលមូលនិធិជាតិជំនួយសង្គម កំពុងអនុវត្ត
៥. សាខាមូលនិធិជាតិជំនួយសង្គម ត្រូវបន្តប្រចាំការសម្របសម្រួល ដល់ការអនុវត្តនៅថ្នាក់មូលដ្ឋាន ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាដល់ដំណើរការនៃការអនុវត្តនៅថ្នាក់មូលដ្ឋាន មានភាពប្រក្រតី
៦. មូលនិធិជាតិជំនួយសង្គមថ្នាក់កណ្តាល នឹងបន្តគាំទ្រ សម្របសម្រួលជាប់ជាប្រចាំ ប្រសិនបើមានករណីចាំបាច់ណាមួយនោះ សាខាត្រូវស្នើសុំគោលការណ៍មកឯកឧត្តមប្រតិភូ ដើម្បីសម្របសម្រួល។