ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ ២០២៦ ( សាមគ្គីភាព ជាតិរឹងមាំ)
ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុង កម្មវិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានវិសាខា កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឡើងធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្ដមានថ្នាក់ដឹកនាំ សមាជិក សមាជិកា សិល្បៈករ សិល្បការនី កីឡាករ កីឡាការនី ដែលបានអញ្ជើញចូលរួម នឹងថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តួចផ្តើមគំនិតរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នេះអស់រយៈពេល ៩ឆ្នាំកន្លងមកនេះ ដើម្បីផ្តល់ឱ្យយុវជនយើងមានការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើតភាពស្និតស្នាលរវាងគ្នានិងគ្នា ក៏ដូចជាលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។
ថ្លែងបើកការប្រកួត បាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ប្រព្រឹត្តិក្រោមប្រធានបទ “សាមគ្គីភាព ជាតិរឹងមាំ” ដែលជាការផ្សាភ្ជាប់ទៅនឹង ការកសាងស្មារតីជាតិនៃប្រជាជន តាមរយៈការរួបរួមសាមគ្គីជាធ្លុងមួយដរាបណាស្មារតីជាតិនៅតែមាន សាមគ្គីភាពជាតិ កាន់តែរឹងមាំ មិនមានសត្រូវណាអាចបំបែកបំបាក់ប្រទេសជាតិយើងបាននោះឡើយ។ ឯកឧត្តមបានបន្ថែមទៀតថា ការប្រកួតតែងតែមានចាញ់ មានឈ្នះ ក៏ប៉ុន្ដែសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ សំលឹងមើលឱ្យលើសពីការប្រកួត ហើយសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ចូលរួមគោរពឱ្យបាន ម៉ឺងម៉ាត់នូវបទបញ្ជាផ្ទៃក្នុងនៃការប្រកួត និងគោលការណ៍ ត្រូវប្រកាន់ ខ្ជាប់នូវស្មារតីយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកប្រកបដោយសុច្ចរិតភាព។
សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦នេះ មានការចូលរួមប្រកួតចំនួន ៦៤ក្រុម ក្នុងនោះមានប្រុស ៥៦ក្រុម និងស្រី ៨ក្រុម ៕




