ព្រឹត្តិការណ៍លើកដំបូងមិនធ្លាប់មានពីមុនមក ក្នុងប្រទេសកម្ពុជា
គឺការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ Vattanac Legends Championship លំដាប់ពិភពលោក បានមកដល់កម្ពុជាហើយពិធីបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ វឌ្ឍនៈ ឡេជេន កម្រិតអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីហ្សត នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រុមហ៊ុនវឌ្ឍនៈគ្រុប មានកិត្តិយសបានក្លាយទៅជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួត ពិធីបើកការប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់ Vattanac Legends Championship ដែលជាព្រឹត្តិការណ៍លើកដំបូងមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា ហើយពិធីនេះបង្កើតឡើងក្នុងគោលបំណង ចង់ឲ្យអ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកីឡាវាយកូនហ្គោល ក៏ដូចជាសាធារណជនទូទៅទាំងអស់ បានមកទទួលយកបទពិសោធន៍ ជាមួយកំពូលកីឡាករជើងឯកវាយកូនហ្គោលមកពីជុំវិញពិភពលោក (Legend)។ បន្ថែមពីការរៀបចំកម្មវិធីដ៏ធំមួយនេះ ក្រុមហ៊ុនវឌ្ឍនៈ គ្រុប ក៏បានរៀបចំកម្មវិធីភូមិវឌ្ឍន: ឡេជេនដ៏ធំមួយ ដោយមានការតាំងបង្ហាញនូវប្រភេទ ម្ហូបអាហារបែបខ្មែរដ៏ឈ្ងុយឆ្ងាញ់ សិល្បៈ វប្បធម៌ប្រពៃណីខ្មែរ ក៏ដូចជា ការសម្តែងសិល្បៈជាច្រើន ដែលប្រមូលផ្ដុំគ្នានៅក្នុងកម្មវិធី និងទីតាំងតែមួយ។
អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានមានប្រសាសន៍ថាយើងខ្ញុំសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលតែងតែផ្តល់ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ដ៏កក់ក្តៅដល់អ្នកវិនិយោគក្នុងស្រុក។ សម្តេចតេជោ គឺជាឥស្សរជនដ៏កំពូលរបស់ជាតិដែលបានយកជីវិតជាដើមទុន និងបានលះបង់ពេលវេលាស្ទើរពេញមួយជីវិតដើម្បីបុព្វហេតុ “សន្តិភាព និងការអភិវឌ្ឍ”របស់កម្ពុជាតាំងពីដើមរៀងមក។ អ្នកឧកញ៉ា បានបន្តថា ការបន្តធានារក្សាបាននូវសន្តិភាព គឺជាអ្វីដែលប្រជាជនកម្ពុជាទាំងមូលប្រាថ្នាចង់បាន ហើយប្តេជ្ញាបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលខិតខំការពារឱ្យខានតែបាន ព្រោះកម្ពុជាស្គាល់ច្បាស់ពីតម្លៃដ៏មហាសាលនិងមិនអាចកាត់ថ្លៃបាននៃសន្តិភាព។ ហេតុដូចនេះ ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យរបស់ The Legends Tour នៅលើទឹកដីកម្ពុជានាពេលនេះ ប្រៀបដូចជាពរជ័យសាទរដល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលទើបសម្រេចបានថ្មីៗនេះយ៉ាងលំបាក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលយើងខ្ញុំសូមសម្តែងនូវការគោរពដឹងគុណគ្មានថ្ងៃបំភ្លេចបានឡើយ។ តាមរយៈសន្តិភាពនិងការអភិវឌ្ឍនេះហើយ ទើបព្រឹតិ្តការណ៍ប្រកួតកីឡាវាយកូនគោលកម្រិតពិភពលោកដ៏ល្បីល្បាញរបស់ The Legends Tour អាចត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។
អ្នកឧកញ៉ា បានមានប្រសាសន៍បន្តទៀតថា តាមរយៈការប្រកួតនេះ ទាំងកីឡាករ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ នឹងទទួលបាននូវអារម្មណ៍និងបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិយាកាសប្រកួតដ៏មនោរម្យបំផុតមិនអាចបំភ្លេចបាន ហើយព្រឹតិ្តការណ៍ប្រកួតនេះកាន់តែមានលក្ខណៈពិសេសទាក់ទាញនិងបង្កប់នូវអត្ថន័យកាន់តែជ្រាលជ្រៅ ដែលអាចប្រសិទ្ធនាមបានថា ជា “ព្រឹត្តិ ការ ណ៍ ប្រកួតកីឡា វាយកូនគោលមិត្តភាពអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍ, លើកស្ទួយវិស័យទេសចរណ៍, បណ្តុះស្មារោតីកីឡា, រឹតចំណងសាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការជាសកល សំដៅលើកកម្ពស់សុខដុមភាព និងវិបុលភាពទាំងក្នុងតំបន់ និងសកលលោក” ។ នេះជាការបោះជំហានជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយបង្ហាញទៅកាន់ពិភពលោកឱ្យឃើញកាន់តែច្បាស់នូវភាពរីកចំរើនជឿនលឿន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ក្រោមម្លប់នៃសន្តិភាព នាសម័យតេជោ-ធិបតី ដែលកម្ពុជាមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលរៀបចំកម្មវិធីប្រកួតកីឡាកម្រិតអន្តរជាតិ ហើយអាចធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីបានប្រកប ដោយ ជំនាញវិជ្ជាជីវៈ និងភាពកក់ក្តៅបំផុត។ “វឌ្ឍនៈ ហ្គោល រីហ្សត ផ្សារភ្ជាប់កីឡា ទៅនឹង វប្បធម៌ ធម្មជាតិ និងនវានុវត្តន៍”។
សូមបញ្ជាក់ថា ជាលទ្ធផលនៃការប្រកួតកីឡាវាយកូនហ្គោល Vattanac Legends Championship គឺប្រទេសកម្ពុជាដែលជាក្រុមម្ចាស់ផ្ទះ ទទួលបានពានរង្វាន់ជ័យលេភីលេខ១ដោយទទួលបានមេដាយមាសចំនួន១ និងពានរង្វាន់ចំនួន១ និងក្រុមឡេជេនបរទេសគឺ ទទួលបាន មេដាយប្រាក់ ផងដែរ៕



