ពិធីបិទវគ្គបំប៉នជំនាញការងារដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនាយកដ្ឋាន និងថ្នាក់ដឹកនាំស្នងការដ្ឋានខេត្ត និងថ្នាក់ប្រហាក់ប្រហែល នៅបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាមភាគខាងជើង

រដ្ឋធានីហាណូយ ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ នៅបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាមភាគខាងជើង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញការងារដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនាយកដ្ឋាន និងថ្នាក់ដឹកនាំស្នងការដ្ឋានខេត្ត និងថ្នាក់ប្រហាក់ប្រហែល ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោកព្រឹទ្ធបុរស បណ្ឌិត សាស្រ្តចារ្យឆ្នើម ជិន មិញហឿង នាយកសាលាបណ្ឌិត្យសភាតម្រួតប្រជាជន ព្រមជាមួយថ្នាក់ដឹកនាំនៃសាលាបណ្ឌិត្យសភាតម្រួតប្រជាជន តំណាងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅរដ្ឋធានីហាណូយ និងនាយនគរបាលជាន់ខ្ពស់កម្ពុជា ជាសិក្ខាកាមចំនួន ៦០រូប ផងដែរ។
លោកឧត្តមសេនីយ៍ត្រី គុចជូ ច័ន្ទបូណាក់ អនុប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងជាប្រធានវគ្គសិក្សា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំសាលាបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាមភាគខាងជើង និងថ្នាក់ដឹកនាំនៃក្រសួងនគរបាលវៀតណាម ដែលបានឧបត្ថម្ភគាំទ្រ និងធ្វើកិច្ចសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំឱ្យមានវគ្គបំប៉នជំនាញនេះឡើង។
លោកឧត្តមសេនីយ៍ត្រី បន្តថា ជាលទ្ធផលនៃការបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់ទទួលបានការសិក្សាជំនាញ ការចុះកម្មសិក្សា ទស្សនកិច្ចតាមទីតាំងនានា ការប្រកួតកីឡាបាល់ទាត់មិត្តភាព ការស្នាក់នៅ និងការចូលរួមសកម្មភាពផ្សេងៗ ទៅតាមកម្មវិធី និងរបៀបវារៈប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កាដ៏ត្រចះត្រចង់។
លោកឧត្តមសេនីយ៍ត្រី បានគូសបញ្ជាក់ថា ការមកចូលរួមសិក្សារបស់នាយនគរបាលជាន់ខ្ពស់កម្ពុជាទាំងអស់ ក្នុងរយះពេល ៣ខែ នេះ បានជួយបង្កើនសមត្ថភាពវិជ្ជាជីវៈក្នុងការបញ្ជាដឹកនាំ និងអត្ថប្រយោជន៍សម្រាប់ការចុះអនុវត្តភារកិច្ចការពារសន្តិសុខសាធារណៈ ឱ្យមានសុវត្ថិភាពកាន់តែប្រសើរឡើង និងពាំនាំយកជំនាញទាំងអស់ដែលបានបំពាក់បំប៉ន់នៅទីនេះ ទៅបម្រើការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងមាតុភូមិនៃព្រះរាជាណាចក្រកម្ពុជា៕