ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងការបើកសាកល្បង សាលាវិជ្ជាជីវៈទេសចរណ៍ និងការដាក់ឱ្យ ដំណើរការសាកល្បងនៃសាលាវិជ្ជាជីវៈទេសចរណ៍ ដោយមានការអញ្ជើញចូលរួម ពី លោក អេម៉ាណូអែល ដូលហ្វូល នាយករងទីភា្នក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ ប្រចាំប្រទេសកម្ពុជា(AFD), លោកស្រី Élisabeth Auffray, នាយិកាប្រចាំតំបន់នៃ សភាមុខរបរ និងសិប្បកម្មបារាំង (CMA), ឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី, តំណាងក្រសួង ស្ថាប័ន, តំណាងមកពីសភាមុខរបរ និងសិប្បកម្មបារាំង (CMA IDF), មន្ទីរទេសចរណ៍រាជធានី ខេត្ត, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វីកកម្ពុជា, សមាគមភោជនីយដ្ឋាន, សមាគមចុងភៅកម្ពុជា, សមាគមស្ប៉ា និងសុខមាលភាពកម្ពុជា, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍, លោកគ្រូ អ្នកគ្រូឧទ្ទេស, លោក លោកស្រី ជាសិក្ខាកាម សរុបចំនួនប្រមាណ ២០០នាក់។
ថ្លែងក្នុងពិធីបិទវគ្គនេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយ ប្រាកដនិយម របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ រាជរដ្ឋាភិបាល បានគិតគូរជាលក្ខណៈប្រព័ន្ធលើការអប់រំបណ្តុះបណ្តាល និងអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើការពង្រឹងគុណភាព បរិមាណ ចីរភាព បរិយាបន្ន និងនវានុវត្តន៍ ដើម្បីធានាឱ្យបាននូវធនធានមនុស្ស ដែលមានគុណវុឌ្ឍិ សមត្ថភាពពេញលេញ ចំណេះដឹង ជំនាញវិជ្ជាជីវៈ មានសីលធម៌ និងគុណធម៌ ស័ក្តិសមជាមូលធនមនុស្ស សំដៅធានាបាននូវការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាព។ ដើម្បីពង្រឹងឧត្ដមភាពប្រកួតប្រជែង ឆ្លើយតបនឹងទីផ្សារការងារក្នុងវិស័យទេសចរណ៍, ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ក៏បានដាក់ចេញ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥» សំដៅបង្កើនសមត្ថភាពអ្នកជំនាញទេសចរណ៍ដែលបម្រើការងារក្នុង និងក្រៅក្របខ័ណ្ឌអាស៊ាន។
ឆ្លៀតក្នុងឱកាសនៃពិធីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានថ្លែងអំណរគុណជូនចំពោះស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, ទីភា្នក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា(AFD), វាគ្មិន និងអ្នកជំនាញមកពីសភាមុខរបរ និងសិប្បកម្មបារាំង (CMA Île-de-France) ដែលតែងតែគាំទ្រដល់ការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ មន្រ្តី និងគ្រូបង្គោលនៅសាលាវិជ្ជាជីវៈទេសចរណ៍។
សូមបញ្ជាក់ថា ពិធីនេះក៏មានការប្រគល់នូវវិញ្ញបនបត្របណ្តុះបណ្តុះវិជ្ជាជីវៈជូនគ្រូបង្គោលរបស់សាលាវិជ្ជាជីវៈទេសចរណ៍ ចំនួន ១៧រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យផងដែរ៕