ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងក្លិបអ្នកកាសែតកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។​​

នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានោះគឺ ឯកឧត្តម ចាន់ ស៊ីហា អគ្គនាយករងធនាគារARDB ធ្វើជាតំណាង​ធនាគារ និងលោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា​​​​​ជាអ្នកចុះហត្ថលេខាផ្ទាល់ ហើយពិធីនោះក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំធនាគារ និងសមាជិកក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងបងប្អូនអ្នកសារព័ត៌មានមកពីអង្គភាពមួយចំនួន។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាន៍ចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងមិនត្រឹមតែជួយបង្កើនការផ្សព្វផ្សាយអំពី​វិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយបង្កើតបរិយាកាស​មួយដែលព័ត៌មាន ចំណេះដឹង ហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងធនា​​គារ​អភិវឌ្ឍ​ន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជាមានតម្លៃជាងការផ្សព្វផ្សាយអំពី​ស្ថាប័ន ពោល នេះជាកិច្ចសហប្រតិបត្តិការដើម្បីបង្កើតចំណេះដឹងបង្កើនការយល់ដឹងនិងភ្ជាប់ព័ត៌មានទៅនឹងឱកាសអភិវឌ្ឍន៍ជាក់ស្តែង។

អនុស្សរណៈនៃការយោគយល់គ្នាគោលបំណងសំខាន់ៗ​ចំនួន៣៖ ទីមួយសហការរៀបចំកម្មវិធីកិច្ចពិភាក្សាកិច្ចសម្ភាសន៍និងវេទិកាពិភាក្សាដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យកសិកម្ម ការកែច្នៃកសិផលនិងវិស័យបៃតងជូនសាធារ​ណជន ទីពីរសហការផ្តល់ព័ត៌មាន ទិន្នន័យនិងខ្លឹមសារពាក់ព័ន្ធពីធនាគារអភិវឌ្ឍន៍ជន​បទ និងកសិកម្ម ជូនស្ថាប័នសារព័ត៌មាន ដើម្បីគាំទ្រការផ្សព្វផ្សាយឱ្យមានភាពត្រឹមត្រូវ ច្បាស់​លាស់ និងមានមូលដ្ឋានព័ត៌មានគ្រប់គ្រាន់ សម្រាប់ទីបីចុងក្រោយធ្វើទស្សនកិច្ចយកព័ត៌​-មាននិងបទយកការណ៍នៅតាមមូលដ្ឋាននិងទីតាំងអនុវត្តហិរញ្ញប្បទានដើម្បីឱ្យអ្នកសារព័ត៌មាន​អាចមើលឃើញដោយផ្ទាល់ពីសកម្មភាព លទ្ធផលនិងបញ្ហាប្រឈមរបស់កសិករ សហគមន៍និងសហគ្រាសផងដែរ៕