ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) និង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)

ដើម្បីបង្កើនកិច្ចសហការលើការងារចែករំលែកចំណេះដឹង បទពិសោធច្បាប់ និងសច្ចធម៌ប្រវតិ្តសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជូនដល់សមាជិក សមាជិកានៃស.ស.យ.ក. នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលដៅជំរុញកិច្ចសហការរវាងស្ថាប័នទាំងពីរ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្ដម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក.  និង ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក.។
ភាគីទាំងពីរនឹងសហការគ្នាតាមរយៈកម្មវិធីរួមគ្នានៃកម្មវិធីបណ្តុះបណ្តាលនានា មានជាអាទិ៍ សិក្ខាសាលា ការបង្កើតកម្មវិធីរួមគ្នា ការស្រាវជ្រាវផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ទស្សនកិច្ចសិក្សា ចូលរួមកម្មវិធីរថយន្តចល័ត អ.វ.ត.ក. និងការងារផ្សព្វផ្សាយឯកសារពាក់ព័ន្ធនឹងចំណេះដឹងច្បាប់ និងប្រវត្តិសាស្ត្រ។
ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក.មានប្រសាសន៍ថា៖“ កិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ជាឱកាសដ៏សំខាន់មួយក្នុងការពង្រឹងការយល់ដឹងសម្រាប់យុវជនកម្ពុជាអំពីភាពឃោរឃៅកាលពីអតីតកាល និងសារៈសំខាន់នៃយុត្តិធម៌ និងសិទ្ធិមនុស្សដោយផ្តោតសំខាន់លើកម្មវិធីផ្សព្វផ្សាយ ការចូលរួមរបស់យុវជន ទស្សនកិច្ចសិក្សា និងឱកាសក្នុងការងារស្ម័គ្រចិត្ត ដើម្បីភ្ជាប់គម្លាតរវាងប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន។ ទាំងនេះគឺស្របនឹងកម្មវិធីអប់រំផ្សព្វផ្សាយព័ត៌មានរបស់អ.វ.ត.ក. ដែលបានបង្កើតមជ្ឈមណ្ឌលធនធាន និងមជ្ឈមណ្ឌលធនធានចល័ត (រថយន្តចល័ត)ឡើង ដើម្បីផ្តល់ឱកាសដល់សិស្សនិស្សិត យុវជន អ្នកស្រាវជ្រាវ និងសាធារណជនទូទៅបានចូលសិក្សាស្រាវជ្រាវអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែល អ.វ.ត.ក. សម្រេចបាន។
ជាការឆ្លើយតប ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា “ដោយបានដឹងច្បាស់ពីបេសសកម្មរបស់ អ.វ.ត.ក.និងចង់ឱ្យយុវជនកម្ពុជា មានការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់យើង ដែលជាមូលដ្ឋានគ្រឹះដែលយើងកសាងសង្គមសន្តិភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងមិនភ្លេចមេរៀនពីអតីតកាល។ ក្នុងគោលដៅរួមនេះ ថាមពល និងការយកចិត្តទុកដាក់របស់ស.ស.យ.ក. និងអ.វ.ត.ក.ចំពោះយុវជន គឺដើម្បីឱ្យយុវជនចូលរួមថែរក្សាការចងចាំពីអតីតកាលឱ្យនៅរស់ និងថែរក្សាសន្តិភាពនៅពេលបច្ចុប្បន្នសម្រាប់មនុស្សជំនាន់ក្រោយ”។
ស្ថាប័នទាំងពីរសុទ្ធតែមានក្តីរំពឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងមិនត្រឹមគ្រាន់តែជាឯកសារមួយទេ តែវាគួរតែជាការប្តេជ្ញាចិត្តដ៏រស់រវើកនិងស្តែងជាសកម្មភាពក្នុងការអប់រំ ការចូលរួម និងការបំផុសគំនិត។ សូមចូលរួមទាំងអស់គ្នា ដើម្បីអាចធានាបានថា មេរៀនដ៏ឈឺចាប់ពីអតីតកាលមិនត្រូវបានបំភ្លេចចោលឡើយ តែវាដើរតួជាមគ្គុទេ្ទសក៍សម្រាប់ប្រទេសកម្ពុជាមួយ ប្រកបដោយភាពយុត្តិធម៌ និងមេត្តាករុណា។កំណត់ចំណាំចំពោះបណ្ណាធិការនិពន្ធអំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) គឺជាសាលាក្តីកូនកាត់មួយដែលត្រូវបានបង្កើតឡើងត្រូវបានបង្កើតឡើងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដោយមានការចូលរួមពីអន្តរជាតិ ដើម្បីនាំយកមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ មកកាត់ទោស ចំពោះឧក្រិដ្ឋកម្មដែលអ្នកទាំងនោះបានប្រព្រឹត្តចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ អ.វ.ត.ក. បានដើរតួនាទីសំខាន់ជាប្រវត្តិសាស្ត្រក្នុងការផ្តល់យុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម តាមរយៈដំណើរការនីតិវិធី ដែលមិនត្រឹមតែធ្វើឲ្យជនល្មើសទទួលខុសត្រូវចំពោះឧក្រឹដ្ឋកម្មដែលបានប្រព្រឹត្តិប៉ុណ្ណោះទេ  តែថែមទាំងបានរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យការអនុវត្តច្បាប់ យុត្តិសាស្រ្ត និងនីតិរដ្ឋរបស់កម្ពុជា។
អំពីសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)
សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បង្កើតឡើងក្នុងគោលបំណងដូចតទៅ៖
– ប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
– តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជាទាំងខាងជីវភាព ស្មារតី និងសង្គម។
– ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រពលកម្ម កំសាន្ត សប្បាយ និងរួមលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារកម្ពុជា។

ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិអន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលោក ក្នុងការតស៊ូដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគតស្រស់បំព្រងរបស់យុវវ័យ។