ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងសាកលវិទ្យាល័យជាតិសិង្ហបុរី

នៅរសៀលថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម,អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (អ.ក.គ.) និងមហាវិទ្យាល័យសុខភាពសាធារណៈ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង អ.ក.គ.និងមហាវិទ្យាល័យសុខភាពសាធារណៈ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី សម្រាប់គាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្កើតទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សម្រាប់ជំរុញដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា តាមរយៈការគាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតើកិច្ចការ ៖ ការលើនានា

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងអនុញ្ញាតឱ្យ អ.ក.គ.អាចកៀរគរការគាំទ្រគ្រប់ទម្រង់ពីសំណាក់មហាវិទ្យាល័យសុខភាពសាធារណៈ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី ដើម្បីសម្របសម្រួល និងតាមដានការអនុវត្តទិសដៅគោលនយោបាយកំណែទម្រង់យុទ្ធសាស្ត្រដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ ក្នុងទិដ្ឋភាពពហុវិស័យ និងពហុវិមាត្រសំដៅឈានទៅសម្រេចគោលដៅ ចំនួន៣ ត្រឹមឆ្នាំ២០៣៥ ពោលគឺ ទី១៖ការពង្រីកវិសាលភាពនៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប ទី២៖ សន្ទស្សន៍នៃការគ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់ ៨០% និងទី៣៖ ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅចំនួនប្រមាណ ៣៥% នៃចំណាយសរុបលើវិស័យសុខាភិបាល។

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ, ភាគីទាំងពីរ បង្ហាញសុទិដ្ឋិនិយមថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ព្រមទាំងនឹងចូលរួមចំណែកផ្តល់សំទុះបន្ថែមដល់ដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដូចមានកំណត់ក្នុងផែនទីបង្ហាញផ្លូវ តាមការគ្រោងទុក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន ទាំងអស់មេត្តាជ្រាបជាព័ត៌មាន។