ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល ជាពិសេសចូលរួមចំណែកផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល។ គម្រោងនេះគ្របដណ្តប់លើការងារសំខាន់ៗរួមមាន៖សាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលមានគ្រែសរុបចំនួន ២០០ គ្រែ និងទំហំអគារសរុបចំនួន ១៤ ០០០ ម២ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងគ្រឿងសង្ហារឹមព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូតដែលតែងតែឈរជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមានចីរភាព និងសមធម៌។ ពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ដែលបាន និងកំពុងរួមគ្នាអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់។
ជាចុងក្រោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបាន និងបន្ដគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្មថែមទៀត ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃ ខ្ពស់ចំពោះស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងការខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អ ដែលបានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យសម្រេចសមិទ្ធផលជាផ្លែផ្កាកាន់តែច្រើនបន្ថែមទៀត។



