ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) និងសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធនៃដំណើរការកាត់ក្តីរបស់​អ.វ.ត.ក.ដល់និស្សិតច្បាប់នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ តាមរយៈសកម្មភាពរួមគ្នាច្រើន។

ពិធីចុះអនុស្សរណៈនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម ក្រាញ់ តូនី រដ្ឋលេខាធិការ
ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. និងឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅមជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក.។

​​​​ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង បង្កើនកិច្ចសហការលើការងារចែករំលែកចំណេះដឹង បទពិសោធលើផ្នែកច្បាប់ ការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែងផ្សេងៗនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាជូនដល់រំលែកចំណេះដឹង ដល់សិស្សនិស្សិតដែលមកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលរួមគ្នា សិក្ខាសាលា សវនាការប្រឌិត វគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សានិងកិច្ចសហប្រតិបត្តិការរវាងបណ្ណាល័យទាំងពីរ។
ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក.មានប្រសាសន៍ថា៖
“អ.វ.ត.ក.បានដើរតួនាទីសំខាន់ជាប្រវត្តិសាស្ត្រក្នុងការផ្តល់យុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម និងបានរួមចំណែកដល់ការអភិវឌ្ឍន៍ការអនុវត្តច្បាប់ យុត្តិសាស្រ្ត និងនីតិរដ្ឋរបស់កម្ពុជា។ តាមរយៈភាពជាដៃគូដែលចាប់ផ្តើមនៅថ្ងៃនេះ នឹងក្លាយទៅជាឱកាសមួយក្នុងការជំរុញលើកទឹកចិត្តប្អូនៗនិស្សិតមកចុះកម្មសិក្សានៅ អ.វ.ត.ក., ចូលរួមសិក្សាស្រាវជ្រាវពីសមិទ្ធផលដែលជាមរត៌កប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក. ដើម្បីយល់ដឹងកាន់តែច្បាស់ពីអំពើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម ចូលរួមការពារសន្តិភាព និងលើកទឹកចិត្តនិស្សិតក្នុងការចូលរួមប្រកួតប្រជែងសវនាការប្រឌិតថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។ តាមរយៈចំណេះដឹងទាំងនេះ និស្សិតទាំងអស់នឹងក្លាយជាអ្នកនាំសារប្រកបដោយប្រសិទ្ធភាពទៅកាន់ពិភពលោកអំពីវិធីសាស្រ្តដ៏ត្រឹមត្រូវដែលកម្ពុជាសម្រេចបានក្នុងដំណើរការកាត់ក្តីដោយមិនលម្អៀងនិងភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជនកម្ពុជា”។
ក្នុងនាមជាដៃគូសហការឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានប្រសាសន៍ថា “សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងអ.វ.ត.ក. ធ្លាប់បានសហការគ្នារួចហើយកាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅលើការរៀបចំការប្រកួតតុលាការប្រឌិតជាភាសាខ្មែរជាលើកដំបូងនៅកម្ពុជា ដោយទទួលបានជោគជ័យនិងបទពិសោធយ៉ាងច្រើន។ ពេលនេះភាគីទាំងពីរបានឈានឡើងមួយកម្រិតទៀត គឺការចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលជាឱកាសថ្មីមួយទៀតសម្រាប់និស្សិតផ្នែកច្បាប់នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការបង្កើនការយល់ដឹងបន្ថែមទៀត អំពីបណ្ណសារនៃសំណុំរឿង ដំណើរកាត់សេចក្តី សមិទ្ធផលការងាររបស់ អ.វ.ត.ក. ព្រមទាំងអាចចូលរួមអនុវត្តផ្ទាល់តាមរយៈការប្រកួតតុលាការប្រឌិតនិងសកម្មភាពផ្សេងៗទៀត”។
គូភាគីទាំងពីរមានរំពឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះនឹងអាចរួមចំណែកដល់ការអភិវឌ្ឍ
វិស័យច្បាប់ ការអនុវត្តច្បាប់ យុត្តិសាស្រ្ត និងនីតិរដ្ឋរបស់កម្ពុជា តាមរយៈការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបទពិសោធន៍ច្បាប់ សច្ចធម៌ប្រវតិ្តសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងបទពិសោធន៍នៃដំណើរការនីតិវិធីជំនុំជម្រះ ដល់និស្សិតផ្នែកច្បាប់ ជំរុញឱ្យពួកគេឱ្យមានជំនាញ និងជាវេទិកាដ៏សំខាន់ក្នុងការអភិវឌ្ឍគុណភាពវិជ្ជាជីវៈផ្នែកច្បាប់នៅកម្ពុជា៕