ពិធីចម្រើនព្រះបរិត្តអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តធម្មបណ្ឌិត គីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ
នៅវេលារសៀលថ្ងៃ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយកប្រតិបត្តិ គណៈកម្មការតាមផ្នែកនីមួយៗ និងអ្នកឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ធម្មបណ្ឌិត ញឹក ប៊ុនថា ព្រមទាំងឥស្សរជន សប្បុរសជន ព្រះសង្ឃ ពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានប្រារព្ធរៀបចំពិធីចំរើនព្រះបរិត្តអង្គកឋិនទានសាមគ្គីនៅវត្តបទុមវតីរាជវរារាម ដង្ហែទៅកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃ ដែល គង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តធម្មបណ្ឌិត គិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានាឱកាសនេះ នឹងចូលរួមកសាង ព្រះចូឡាមណីចេតិយ ប្រាសាទតម្កល់ព្រះត្រៃបិដកទី២ និងសមិទ្ធផលនានា ទុកជាសម្បត្តិបុណ្យមហាសាល និងជាមរតកជាតិដល់កូនចៅធនាន់ក្រោយគោរពបូជាបានបុណ្យក្រៃលែង ។
ពុទ្ធបរិស័ទខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរួមសាមគ្គីគ្នា ជាឯកច្ឆ័ន្ទកសាងឡើង នូវអង្គកឋិនទានទៅតាមកម្លាំងសទ្ធារបស់អស់លោក ដើម្បីវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅគ្រប់ទីអារាម ក្នុងរយៈពេលចំនួន១ខែ ចាប់ពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩៕



