ពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅក្រោយពីសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទកៈ ក្នុងកិច្ចប្រជុំរយៈពេល ០៤ ថ្ងៃកន្លះមកនេះ

ពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅ សាលសន្និសីទសណ្ឋាគារ សុខាសៀមរាប។  ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជក សមាជកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តមប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ព្រមទាំងភ្ញៀវកិត្តិយស សរុបជាង ៧០០ រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងសមាជិក សមាជិកា ដែលមានវត្តមាននៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.នាព្រឹកនេះ។ ឯកឧត្តម បានថ្លែងរបាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ដែលបានប្រពឹត្តទៅរយៈពេល ០៤ ថ្ងៃកន្លះមកនេះ ដោយអង្គប្រជុំសម្រេចលទ្ធផលផ្លែផ្កាគួរជាទីមោទកៈ ។

ក្នុងឱកាសនេះ ឯកឧត្តមបានមានប្រសាសន៍ថា ដោយប្រកាន់ខ្ជាប់នូវស្មារតី ២ ធ្នូ ស.ស.យ.ក. បានពង្រឹងតួនាទីស្នូល និងបានចូលរួមយ៉ាងសកម្មលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សិក្សាធិការ វប្បធម៌ សាសនា ដែលជាការរួមចំណែកក្នុងការថែរក្សាស្ថិរភាពសង្គម នយោបាយ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ស.ស.យ.ក. សូមបង្ហាញការគាំទ្រឥតងាករេចំពោះគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគាំទ្រលើវិធានការនានា ក្នុងការការពារបូរណភាពដែនដី និងអធិបតេយ្យជាតិ។ ឯកឧត្តម បានគូសបញ្ជាក់ថា ស.ស.យ.ក. នឹងចូលរួមចំណែកក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពដែនដី និងកិត្តិយសជាតិ ហើយ ស.ស.យ.ក. នឹងនៅជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅគ្រប់ពេលមានការគំរាមកំហែង ឬការប្រមាថណាមួយមកលើកម្ពុជា។

ក្នុងនាមជាប្រធាន ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី ក៏បានប្ដេជ្ញា នឹងបន្តបំពេញបេសកកម្មក្នុងការពូនជ្រុំស្មារតីយុវជន ដើម្បីការពារនូវរាល់សមិទ្ធផលដែលថ្នាក់ដឹកនាំជំនាន់មុនបានលះបង់កម្លាំងកាយ ចិត្ត ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព ជូនប្រទេសកម្ពុជា ជាពិសេសការពារនូវរាល់មរតកប្រវត្តិសាស្ត្រ និងមរតកវប្បធម៌ ដែលជាស្នាព្រះហត្ថដ៏ថ្លៃថ្លារបស់ព្រះបិតាឯករាជ្យ ព្រមទាំងការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលមានសម្ដេចតេជោ ជាបិតាស្ថាបនិកសន្តិភាពដ៏ឆ្នើម។