ពានរង្វាន់ Soccer League លើកទី៨ បើកការប្រកួតជាផ្លូវការ ក្រោមមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង»

ព្រឹត្តិការណ៍ប្រកួតកីឡា បាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ បានបើក ជាផ្លូវការហើយ ក្រោមមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ ២០២៥ មានការអញ្ជើញជាអធិបតី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ SOCCER LEAGUE ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិSOCCER LEAGUE ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។ កម្មវិធីនេះក៏មានការហែក្បួនព្យុហយាត្រា ការសម្តែងសិល្បៈ ចម្រៀងពីសំណាក់សិល្បៈករ សិល្បៈការិនីផងដែរ។
ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ ជាតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនេះ។
ឯកឧត្តម ប្រធានគណៈកម្មការប្រតិបត្តិ បានបញ្ជាក់ផងដែលថាSOCCER LEAGUE បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងការបំផុសស្មារតីសាមគ្គីភាព ជាពិសេសក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរើសអើងពណ៌សម្បុរ សាសនា ឋានៈ បុណ្យស័ក្តិ និងនិន្នាការនយោបាយឡើយ ព្រមទាំងជាវេទិកា ផ្តល់ឱកាសដល់យុវជនមកពីគ្រប់ទិសទីបណ្តារាជធានី-ខេត្ត មានឱកាសក្នុងការបញ្ចេញសម្ថភាពដោយស្មើភាពគ្នា នៅលើទីលានវាលស្មៅដោយផ្ទាល់ ប្រកបដោយតម្លាភាពផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ ក្រោមមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង»។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ដោយឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នេះមានគោលបំណងបង្កើនឱកាសថ្មីៗឱ្យយុវជនដែលមកពីអង្គភាព-ស្ថាប័នផ្សេងៗគ្នា ដើម្បីចូលរួម បង្កើត និងបង្កើនទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព ក្នុងបរិយាកាសស្និទ្ធស្នាល រួមគ្នាជាចំណែកដើម្បីអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម ប្រធាន បានសំណូមពរឱ្យក្រុមកីឡាករទាំងអស់ចូលរួមប្រកួតប្រជែងក្រោមស្មារតីសាមគ្គីភាព មិត្តភាព និងប្រកាន់ខ្ជាប់ក្រមសីលធម៌កីឡា។ ឯកឧត្តមក៏ជូនពរឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។
ការប្រកួតបាល់ទាត់ Soccer League មានក្រុមចូលរួមប្រកួតសរុបចំនួន ៦៣ក្រុម ក្នុងនោះ ក្រុមបុរសមានចំនួន ៥៦ក្រុម បែងចែកជា១៦ពូល ដោយ ពូល A ដល់ពូល H មានចំនួន ៤ក្រុម ខណៈពូល I ដល់ពូល P មានចំនួន ៣ក្រុម ។ និងក្រុមនារីមានចំនួន ៧ក្រុម ចែកចេញជា ២ពូល ក្នុងនោះមាន A មាន ៤ក្រុម និងពូល B មាន ៣ក្រុម ៕