ពាណិជ្ជកម្មសកលកំពុងចលាចល តម្លៃប្រេងសាំងកំពុងឡើងថ្លៃខ្ពស់! ជាពិសេសប៉ះពាល់ខ្លាំងនៅតំបន់អាស៊ី បន្ទាប់ពីជម្លោះ៣ភាគីនៅតែបង្កើនកម្តៅនៅមជ្ឈិមបូព៌ា

ពាណិជ្ជកម្មថាមពលសកលកំពុងស្ថិតក្នុងភាពចលាចលហើយនៅពេលនេះ អំឡុងពេលដែលសង្គ្រាមនៅជុំវិញតំបន់ឈូងសមុទ្រពែរ្សបានរារាំងការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិ ដែលបណ្តាលឱ្យតម្លៃប្រេងសាំងកើនឡើង។ តំបន់អាស៊ីគឺជាតំបន់ដែលងាយរងគ្រោះបំផុត ចាប់តាំងពីពួកគេបានពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈនាំចូល ដែលភាគច្រើនគឺត្រូវបានដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz (ហ័រម៉ូស)ដែលជាច្រកតូចចង្អៀតដែលមានការដឹកជញ្ជូន១ភាគ៥នៃការជួញដូរសកលនៃតម្លៃប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ ឬ LNG នោះ។ ប្រេងប្រហែលជា១៣ លានបារ៉ែលក្នុងមួយថ្ងៃបានធ្វើដំណើរឆ្លងកាត់ច្រករបៀងនេះក្នុងឆ្នាំ ២០២៥ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ថាមពល Kpler (កាភ្លើ)។ ដែលស្ថានភាពនោះគឺមានប្រហែលជា១ភាគ៣នៃប្រេងឆៅទាំងអស់គឺត្រូវដឹកជញ្ជូនតាមសមុទ្រ ដែលជាប្រេងមិនទាន់បានចម្រាញ់និងដែលត្រូវបានកែច្នៃទៅជាឥន្ធនៈដូចជាសាំង និងម៉ាស៊ូតជាដើម។ មានតំបន់តិចតួចណាស់ដែលងាយរងគ្រោះដោយសារការរំខានដល់លំហូរថាមពលនៅមជ្ឈិមបូព៌ាក្រៅពីអាស៊ីបូព៌ានោះ។ «ប្រសិនបើការបិទច្រកសមុទ្រ Hormuz ត្រូវបានអូសបន្លាយពេលវេលាមែន នោះយើងរំពឹងថាតម្លៃប្រេង និងឧស្ម័ននឹងកើនឡើងនៅទូទាំងតំបន់អាស៊ីតែម្តង។ ប៉ុន្តែរឿងនេះគឺវាអាស្រ័យលើភាពធ្ងន់ធ្ងរនៃរយៈពេលនៃការកកស្ទះ ថាតើវាមានរយៈពេលយូរប៉ុណ្ណា។ យើងបានរកឃើញថាមានការកើនឡើងនៃតម្លៃនេះរួចទៅហើយ ដោយតម្លៃឧស្ម័នធម្មជាតិរាវ (LNG) នៅអាស៊ីបានកើនឡើងប្រហែលជា ២៥% ចាប់តាំងពីថ្ងៃសុក្រមក» នេះជាសំដីរបស់លោក Amy Kong ជាអ្នកស្រាវជ្រាវផ្នែកថាមពលនៅ Zero Carbon Analytics ។ ប្រទេសជប៉ុនបាននាំចូលប្រេងឆៅចំនួន ២.៣៤លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែមករា ដែលស្មើនឹង៩៥% នៃការនាំចូលសរុបរបស់ខ្លួនក្នុងខែនោះ។ ចំណែកប្រទេសជប៉ុនវិញត្រូវបានចាត់ថ្នាក់ជាប្រទេសនាំចូលឧស្ម័នធម្មជាតិរាវធំជាងគេទីពីររបស់ពិភពលោក។ កូរ៉េខាងត្បូងពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលថាមពល។ សរុបមកសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េនិយាយថា ខ្លួនទទួលបានប្រេងឆៅប្រហែល ៧០% និងឧស្ម័នធម្មជាតិរាវ ២០% របស់ខ្លួនពីតំបន់មជ្ឈិមបូព៌ា៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ