ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់ប្រមូលផ្តុំគ្នាដើម្បីប្រឆាំងតវ៉ានឹងច្បាប់រៀបចំអង្គភាពប្រឆាំងអំពើពុករលួយជាថ្មី! នឹងស្នើឱ្យលោក Zelenskyy ប្រើសិទ្ធិ Veto លើច្បាប់នោះ

ប្រជាជនរាប់ពាន់នាក់បានមកជួបជុំគ្នានៅទីក្រុងគៀវ និងតាមទីក្រុងផ្សេងៗទៀតនៅអ៊ុយក្រែនកាលពីថ្ងៃអង្គារនេះ ដើម្បីអំពាវនាវឲ្យប្រធានាធិបតីរបស់ពួកគេប្រើសិទ្ធិ Veto លើច្បាប់មួយដែលអាចជះឥទ្ធិពលដល់រចនាសម្ព័ន្ធប្រឆាំងអំពើពុករលួយ ហើយការធ្វើបាតុកម្មនេះគឺជាការប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំជាងគេជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ និងអំឡុងពេលប្រទេសមានសង្គ្រាមដែរ។ សភាអ៊ុយក្រែនបានអនុម័តច្បាប់មួយដែលបង្កើនឱកាសនូវការត្រួតពិនិត្យលើអង្គភាពប្រឆាំងអំពើពុករលួយសំខាន់ៗចំនួនពីរគឺ NABU និង SAPO។ អ្នកវិភាគបានបារម្ភថា៖ នេះអាចជាការកាត់បន្ថយនូវឯករាជ្យភាពរបស់អង្គភាពទាំងពីរ និងអាចធ្វើឲ្យស្ថាប័នដែលទំនោលើរូបប្រធានាធិបតី Volodymyr Zelenskyy មានអំណាចលើការស៊ើបអង្កេតនានាដែរ។ យោងតាមគេហទំព័ររបស់សភាអ៊ុយក្រែនបានបញ្ជាក់ថា លោក Zelenskyy បានចុះហត្ថលេខាលើច្បាប់នេះរួចរាល់ហើយកាលពីយប់ថ្ងៃអង្គារ។ យុទ្ធនាការប្រឆាំងអំពើពុករលួយគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការជ្រៀតចូលជាសមាជិករបស់សហភាពអឺរ៉ុប និងបន្តទទួលយកជំនួយសេដ្ឋកិច្ចពីប្រទេសលោកខាងលិចដែរ។ ការអនុម័តច្បាប់នេះបានបង្កឲ្យមហាជនមានគំហឹងជាសាធារណៈយ៉ាងខ្លាំង ដោយប្រជាជនមួយចំនួនបានចោទសួរថា៖ តើវាជាការប៉ះពាល់ធ្ងន់ធ្ងរជាជាងការវាយប្រហារដោយយន្តហោះដ្រូននិងមីស៊ីលរបស់រុស្ស៊ីជាប្រចាំទៅទៀតមែនទេ? ការកែប្រែច្បាប់នេះនឹងផ្តល់អំណាចជាថ្មីដល់អយ្យការជាតិក្នុងការគ្រប់គ្រងសំណុំរឿងដែលធ្វើឡើងដោយ NABU និង SAPO។ អង្គភាព NABU និង SAPO បានប្រកាសរួមគ្នាមួយជាផ្លូវការលើ Channel Telegram របស់ខ្លួនថា៖ ប្រសិនបើច្បាប់នោះមានសុពលភាពមែន នោះប្រធាន SAPO នឹងក្លាយជាអ្នកតំណាងតែប៉ុណ្ណោះ ខណៈ NABU នឹងបាត់បង់ឯករាជ្យភាព ព្រមទាំងក្លាយទៅជាអង្គភាពរងនៃការិយាល័យអយ្យការជាតិ។ ជាងនេះទៅទៀតអង្គភាពប្រឆាំងអំពើពុករលួយ ឬ Transparency International នៅអ៊ុយក្រែនបានរិះគន់សភាអ៊ុយក្រែនថា៖ ជាទង្វើធ្វើឲ្យប៉ះពាល់ដល់ដំណើរការកែប្រែច្បាប់ដ៏សំខាន់បំផុតមួយចាប់តាំងពីឆ្នាំ២០១៤មក ហើយវាជាបានបំពានលើទំនុកចិត្តជាមួយដៃគូអន្តរជាតិ។ អង្គភាពនេះបានអំពាវនាវឲ្យលោក Zelenskyy ប្រើសិទ្ធិ Veto ប្រឆាំងច្បាប់នេះ បើមិនដូច្នោះទេលោកនឹងត្រូវទទួលខុសត្រូវរួមជាមួយសភាក្នុងការរុះរើប្រព័ន្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសដែរ។ ក្រុមបាតុករមួយចំនួនបានកាន់ផ្ទាំងបដា និងស្លាកសញ្ញាពាក្យស្លោកសរសេរថា “Veto ច្បាប់នេះទៅ” និងពាក្យ “ការពារប្រព័ន្ធប្រឆាំងអំពើពុករលួយគឺជាការការពារអនាគតភាពរបស់អ៊ុយក្រែន” និងពាក្យ “យើងនឹងប្រឆាំងតទល់នឹងវាជានិច្ច ” ពាសពេញទីក្រុងតែម្តង។ គួររំលឹកថាកាលពីថ្ងៃចន្ទនេះក្រសួងសន្តិសុខអ៊ុយក្រែនបានចាប់បុគ្គលិក NABU ចំនួន២រូបដោយសង្ស័យថាមានទំនាក់ទំនងជាមួយរុស្ស៊ី និងស្រាវជ្រាវរកបុគ្គលិកផ្សេងទៀត ទោះបីជាមិនទាក់ទងនឹងសំណុំរឿងនោះទេ។ មកដល់ពេលនេះការិយាល័យរបស់លោក Zelenskyy មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយអ្វីទាំងអស់។ ប៉ុន្តែសប្ដាហ៍មុនលោកបានប្តូរគណៈរដ្ឋមន្ត្រីក្នុងសម័យសង្គ្រាមដែលអ្នកវិភាគជាច្រើនបានសង្កេតឃើញថាវាជាជំហានបន្តគ្រប់គ្រងអំណាចរបស់លោកតែប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា