ពលរដ្ឋភៀសសិកជាង ៣០០គ្រួសារក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលបានអំណោយមនុស្សធម៌ពីសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ

អំណោយមនុស្សធម៌របស់បងប្អូនសហគមន៍ខ្មែរកំពុងរស់ ធ្វើការ និងសិក្សានៅសាធារណៈរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូនគ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹក ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាបចំនួន ៣៦៧គ្រួសារ តាមរយៈ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅវត្តប្រាសាទបូទុមមោង ស្ថិតភូមិមោង ឃុំមោងស្រុកស្រីស្នំ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ឃួន ផុនរតនៈ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកកាន់តំបន់នេះ ដោយសារកងទ័ពថៃឈ្លានពាន ដែលមកដល់ពេលនេះមិនទាន់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានសម្ដែងការសោកស្ដាយ ចំពោះប្រជាពលរដ្ឋខ្លះ ដែលបានរងការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងដោយសារការផ្លោងគ្រាប់ពីយោធាថៃ។

ឯកឧត្ដមឯកអគ្គរាជទូត បានបន្តថា ក្រោយមានមានការឈ្លានពានពីសំណាក់យោធាថៃមកលើទឹកដីកម្ពុជា ហើយធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តជាប់ព្រំដែនបានភៀសសិកមករស់នៅតាមទីតាំងសុវត្ថិភាព រហូតមកដល់ពេលនេះក៏មានបងប្អូនខ្លះវិលត្រឡប់ទៅកាន់លំនៅឋានវិញ  ហើយបងប្អូនខ្លះក៏មិនទាន់បានវិលត្រឡប់ទៅវិញ ឃើញដូច្នេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការ និងសិក្សានៅសាធារណៈរដ្ឋកូរ៉េ បានរៀបចំជាមូលនិធិដើម្បីជួយដល់ជនភៀសសិក។ ឯកឧត្ដមឯកអគ្គរាជទូតបានបញ្ជាក់ថា អំណោយពេលនេះគឺបានមកដោយការបរិច្ចាគថវិការបស់បងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណៈរដ្ឋកូរ៉េ តាមលទ្ធភាពរៀងៗ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទំនុបបំរុងដល់បងប្អូនភៀសសិករបស់យើង។

ជាមួយគ្នានេះដែរ ឯកឧត្ដមឯកអគ្គរាជទូត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋភៀសសឹកទាំងអស់ ស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ រក្សាអនាម័យដោយហូបស្អាត ផឹកស្អាត បើមានបញ្ហាសុខភាពសូមរកក្រុមគ្រូពេទ្យដែលប្រចាំការជួយដល់បងប្អូននៅទីនេះ ពិសេស សូមថែរក្សាផ្លូវចិត្តឱ្យបានល្អ ព្រោះថ្នាក់ដឹកនាំយើងនឹងនៅជាមួយបងប្អូនជានិច្ច ។

អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖ អង្ករ ២៥គីឡូក្រាម, តង់ខៀវ (៤x៦) ០១, ត្រីខកំប៉ុង ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និងមីជាតិ ០១កេស ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត