ពលករត្រឡប់មកពីប្រទេសថៃ ប្រមាណ ២៧ ម៉ឺននាក់ ទទួលបានការងារធ្វើ

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ ដែលរៀបចំឡើងរយៈពេល ២ ថ្ងៃនៅកោះពេជ្រ ថា ៖ ក្រសួងការងារ បានសហការសម្របសម្រួលរកការងារជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលវិលត្រឡប់ពីប្រទេសថៃ ដោយគិតមកត្រឹមខែតុលានេះ សរុបប្រមាណ ៤៦ ម៉ឺនកន្លែង និងមានអ្នកទទួលបានការងារធ្វើសរុបជាង ២៧ ម៉ឺននាក់។

ឯកឧត្តម ហេង សួរ បានជំរុញឲ្យលើកកម្ពស់ផលិតភាព តាមរយៈការពង្រឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមឱ្យទូលំទូលាយ ទាំងកម្រិតជាតិ កម្រិតវិស័យឯកជន កម្រិតសហគ្រាស គ្រឹះស្ថាន និងកម្រិតកម្មករនិយោជិតម្នាក់ៗ។

ពាក់ព័ន្ធព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងការងារ យល់ឃើញថា វេទិកានេះបានផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ អាចជួបដោយផ្ទាល់ និងសម្ភាសន៍ភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មជាក់ស្តែងចំនួនជាង ៣ ម៉ឺនកន្លែង។ ទន្ទឹមនេះ វាគ្មិនជាច្រើនរូបក៏បានចែករំលែកបទពិសោធន៍ក្នុងការចាប់យកអាជីព ចំណេះដឹង ចំណេះធ្វើ សំដៅបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងបង្កើនការយល់ដឹងអំពីផលិតភាព និងការប្រកួតប្រជែង។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ: “វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ” ត្រូវបានសាទរពីគ្រប់ភាគីពាក់ព័ន្ធ៕