ពលករខ្មែរមកពីប្រទេសថៃចំនួន ៦៦នាក់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកមន្ត្រីសាខា អនុសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនបងប្អូនពលករខ្មែរមកពីប្រទេសថៃចំនួន ៦៦នាក់ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ នេះគឺជាការលើក ទឹកចិត្តឱ្យពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ងាកមកធ្វើការងារនៅក្នុងស្រុកវិញ ព្រោះយើងនូវខ្វះកម្លាំងពលកម្មជាច្រើនទៀត ។
ក្នុងឱកាសនោះដែរ លោក អុី ធារិន ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ បានឱ្យដឹងថា ស្រុកព្រៃនប់ ពលករខ្មែរដែលវិលត្រឡប់មកពីថៃ មានចំនួន ៦៦នាក់ រស់នៅក្នុងឃុំចំនួន៩ នៃស្រុកព្រៃនប់ ហើយនេះជាលើកទី៣ដែលយើងបានសំណេះសំណាលជាមួយពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ បច្ចុប្បន្ននេះ ពួកគាត់មានការងារធ្វើគ្រប់ៗគ្នានៅតាមបណ្តារោងចក្រ ដែលរដ្ឋបាលស្រុក សហការជាមួយតំបន់សេដ្ឋកិច្ចពិសេស និងបណ្ដាលរោចក្រផ្សេងៗនៅក្នុងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ក្នុងការមកដល់ស្រុកកំណើតរបស់ខ្លួន ព្រោះគ្មានទីណាល្អជាងផ្ទះរបស់យើងនោះទេ ហើយ ស្រុកកំណើតរបស់យើងគឺមានភាពកក់ក្ដៅ និងមានកន្លែងធ្វើការងារជាច្រើននៅតាមបណ្តារោងចក្រ ក្នុងស្រុករបស់យើង ។ ទាំងអស់នេះក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើន ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដោយមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងត្រូវការកម្លាំងពលកម្មជាង ៦ពាន់កន្លែង ទន្ទឹមនោះយើងក៏ត្រូវការកម្លាំងផ្នែកសំណង់ជា ច្រើនរយនាក់ នៅក្នុងក្រុងព្រះសីហនុផងដែរ។ ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍន៍ ប្រទេសជាតិ និងទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ត្រូវការកម្លាំងពលកម្មជាច្រើនពាន់នាក់ ម្យ៉ាងទៀតការធ្វើការងារនៅស្រុកយើង ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចស្រុករបស់យើងមានការលូតលាស់រីកចម្រើន។
ឯកឧត្តម ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយប្រាក់សោធនិវត្តជូនដល់បុគ្គលិក កម្មករ និយោជិត ហើយអត្ថប្រយោជន៍ នៃប្រាក់សោធនិវត្ត និងបណ្ណ ប.ស.ស វាបានផ្តល់អត្ថប្រយោជន៍ ៣យ៉ាងដូចជា ១.អត្ថប្រយោជន៍ផ្នែកសុខភាព ២.អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ ៣.ប្រាក់សោធននិវត្តន៍ ហើយចំពោះស្រ្តីមានផ្ទៃពោះ អាចទៅពិនិត្យផ្ទៃពោះ រហូត ដល់កុមារអាយុ ២ឆ្នាំ ដោយចំនួន ១៤លើក ក្នុងមួយលើកទទួលបានថវិកា ៨ម៉ឺនរៀល ព្រោះរាជរដ្ឋាភិបាលចង់ឱ្យកូនចៅរបស់យើងមានសុខភាពល្អគ្រប់ៗគ្នា ។ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក និងសេចក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ សូមមានសុខភាព ល្អគ្រប់ៗគ្នា ហើយក្នុងនោះរាជរដ្ឋាភិបាល ក៏បានគិតគូរក្នុងការបណ្តុះបណ្តាលវិជ្ជា ជីវ:ដល់យុវជននៅតាមមជ្ឍមណ្ឌលបណ្តុះបណ្តាលសាលារដ្ឋ និងសាលាបណ្តុះ បណ្តាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងការចូលរៀនផ្នែកវិជ្ជាជីវ: រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាក្នុងមួយខែ ២៨ម៉ឺនរៀលបន្ថែមទៀត ដើម្បីឱ្យយុវជនរបស់យើងមានជំនាញវិជ្ជាជីវ:ស្របទៅនឹងតម្រូវ ការទីផ្សារការងារនាពេលបច្ចុប្បន្ន ដែលទាមទារឱ្យយុវជនរបស់យើងមានចំណេះដឹង ជំនាញ និងបំណិនជីវិតស្របទៅនឹងបច្ចេកវិទ្យាទំនើប ងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់ខែកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុឧបត្ថមជូនពលករខ្មែរដែលមកពីប្រទេសថៃចំនួន ៦៦នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ កំប៉ុង ១យួរ កន្ទេល១ ស្បែកជើង ១គូរ នំសណ្ដែកខ្មែរ ១កញ្ចប់ ឃីតចំនួនមួយកញ្ចប់ក្នុងនោះមាន ( ក្រមា១ សារុង១ មុង១ ភួយ១ ) និងថវិកា ១០ម៉ឺនរៀលផងដែរ៕