ភ្នំពេញ ៖ មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រោយពីការត្រឡប់មកវិញរបស់បងប្អូនពលករ ក្រសួងការងារជាដំបូងផ្តោតលើរោងចក្រធំៗ ដើម្បីធានាថាបងប្អូនពលករដែលត្រឡប់មកវិញទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារដែលល្អប្រសើរ។
ឯកឧត្តមថ្លែងថា៖ “យើងផ្តោតលើរោងចក្រធំៗដែលបម្រើការនាំចេញ ដោយសាររោងចក្រធំទាំងនោះមានលក្ខខណ្ឌការងារល្អ មានប្រាក់ខែប្រហាក់ប្រហែលថៃ កន្លែងធ្វើការមានស្តង់ដាប្រហាក់ប្រហែលថៃ និងទំនើប ដែលក្រោយពីបងប្អូនបានចូលធ្វើការងារហើយ គាត់នឹងមិនត្រឡប់ទៅវិញនោះទេ”។
បន្ថែមពីនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា ក្រសួងការងារប្រមូលបានឱកាសការងាររាប់សិនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ ឯការប្រែប្រួលពីព័ត៌មានទីផ្សារការងារដោយសារតម្រូវការការងារជាច្រើនពីសំណាក់បងប្អូនពលករខ្មែរ ហើយវាក៏បង្ហាញពីការខិតខំនៃតួអង្គពាក់ព័ន្ធក្នុងការជួយរកការងារជូនពួកគាត់។
សូមបញ្ជាក់ថា ការទទួលបានឱកាសការងាររបស់ពលករខ្មែរជាង ១៣ម៉ឺននាក់ ដោយសារវិធានការពីរសំខាន់ៗគឺវិធានការដែលដាក់ចេញដោយក្រសួងការងារ និងការចូលរួមពីក្រុមហ៊ុនឯកជនផងដែរ៕