ពង្រីកវិសាលភាពអត្ថន័យប្រដាល់គុនខ្មែរឱ្យទៅជាកីឡាលក្ខណៈជាសកល

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំសន្និបាតវិសាមញ្ញ សរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ ដើម្បីលើកបង្ហាញពីសមិទ្ធផលទទួលកន្លងមក បញ្ហាប្រឈម និងដាក់ផែនការយុទ្ធសាស្រ្តបន្តជំរុញការអភិវឌ្ឍឱ្យកាន់ល្អប្រសើរបន្ថែមទៀត។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រួមជាមួយ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ទីប្រឹក្សាសហព័ន្ធ មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងតំណាងប្រតិភូសមាគម ក្លឹបកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី ខេត្ត ដែលជាសមាជិកសហព័ន្ធ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលើកឡើងថា សន្និបាតនេះបានលើកឡើងនូវសមិទ្ធផលនានា រួមទាំងបញ្ហាប្រឈម បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ និងកែសម្រួលលក្ខន្តិកៈបានសមស្រប រួមទាំងស្លាកសញ្ញាសហព័ន្ធឱ្យស្របទៅនឹងស្មារតីអូឡាំពិក ដោយត្រូវឆ្លងកាត់ការបោះឆ្នោតអនុម័ត។ ចំពោះការកែសម្រួលស្លាកសញ្ញាសហព័ន្ធដែលសម្រេចឱ្យប្រើប្រាស់ថ្មីៗនេះក៏បានផ្លាស់ប្តូរពីរូបសញ្ញាកីឡាករ២នាក់ប្រយុទ្ធគ្នា មកជាកីឡាករម្នាក់ថ្វាយបង្គំគ្រូវិញ ដោយប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរមួយនេះមិនត្រឹមតែជាកីឡាប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែជាកីឡាមួយដែលអាចចូលរួមហ្វឹកហាត់ ដើម្បីសុខភាពសម្រាប់មនុស្សគ្រប់វ័យ។

ការកែសម្រួលនេះ គឺឯកឧត្តម ខូវ ឆាយ ពន្យល់ថា គឺយើងចង់កែប្រែទស្សនៈដែលយល់ឃើញថា ប្រដាល់គុនខ្មែរ ជាកីឡាប្រយុទ្ធ ប៉ុន្តែប្រដាល់គុនខ្មែរមិនមែនត្រឹមតែសម្រាប់តែប្រយុទ្ធគ្នាប៉ុណ្ណោះទេ ប៉ុន្តែអាចហ្វឹកហាត់ដើម្បីសុខភាព ការសម្តែងក្បាច់គុន ដើម្បីឱ្យពិភពលោកយល់ដឹងពីអត្ថន័យនៃប្រភេទកីឡាគុនខ្មែឱ្យក្លាយជាកីឡាមហាជន លក្ខណៈជាកីឡាសកលមួយ ស្របតាមស្មារតីកីឡាអូឡាំពិក ដូចប្រភេទកីឡាអត្តពលកម្ម ហែលទឹក បាល់ទាត់ជាដើម៕