ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុប ចំនួន ២៥ ដោយកៀរគរបានមូលធនសរុបប្រមាណជា ៦៤៨ លានដុល្លារ ពីទីផ្សារមូលបត្រកម្ពុជា

នាព្រឹកថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ នៅអគារផ្សារមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា បានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការលើកទី២ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី”, ក្រោមអធិបតីភាព ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី, ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា,លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបជូនអង្គពិធីថា ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ជាលើកទី ២ របស់ធនាគារ អេស៊ីលីដា នាពេលនេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តមុតមាំ របស់ថ្នាក់ដឹកនាំធនាគារ ក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា, ហើយការណ៍នេះ គឺជាសក្ខីភាពថ្មីមួយទៀត សបញ្ជាក់អំពី ភាពចាស់ទុំ និង ភាពរឹងមាំ នៃផ្សារមូលបត្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ប្រភពហិរញ្ញប្បទានដែលមិនចេះរីងស្ងួត ជូនវិស័យឯកជន និង រាជរដ្ឋាភិបាល ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្រោមការដឹកនំាដ៏ស្វាហាប់ និង ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ក្នុងដំណើរឈានទៅសម្រចឱ្យបាននូវ ចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេស ចំណូលខ្ពស់ក្នុងឆ្នំា ២០៥០, ដោយបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យមូលបត្រ តាមរយៈការជំរុញការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការវិនិយោគ និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ។
ជាក់ស្តែង, វិស័យមូលបត្រកម្ពុជា បានទាក់ទាញ និង លើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុនសក្តានុពលកាន់តែច្រើនឡើង ឱ្យមកចុះបញ្ជីលក់ភាគហ៊ុន និង/ឬ សញ្ញាបណ្ណ ក្នុងផ្សារមូលបត្រកម្ពុជា ដែលញ៉ាំងឱ្យវិស័យនេះ មានការរីកលូតលាស់ជាបន្តបន្ទាប់ សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រលើកស្ទួយសហគ្រាសក្នុងស្រុក, ធុរកិច្ចថ្មី និង សហគ្រិនភាព ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែង, ជាពិសេស ក្នុងបរិការណ៍ដែលមានការរំលោភបំពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ប្រទេសថៃ នៅតាមតំបន់ព្រំដែន ។
ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការយ៉ាងធំទូលាយ ហើយធនាគារនេះក៏ជាធនាគារដែលធ្លាប់បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅលើទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជា (ផមក) កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយប្រមូលបានសាច់ប្រាក់ដោយជោគជ័យពីទីផ្សារនេះ ក្នុងទំហំប្រមាណជា ១៧,៦ លានដុល្លារអាមេរិក, ហើយក៏ធ្លាប់ចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំ លើកទី ១ ចំនួន ២ ដំណាក់កាល (នៅថ្ងៃទី ១៥ ខែ មករា និង ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥) ដោយប្រមូលបានសាច់ប្រាក់ដោយជោគជ័យពីទីផ្សារ ក្នុងទំហំប្រមាណជា ១០០ លានដុល្លារអាមេរិក ។
ឯកឧត្តម ហុង សុហួរ បានធ្វើបច្ចុប្បន្នភាពទីផ្សារមូលបត្រជូនអង្គពិធី ដោយគិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា បានទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន ២៥ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ចំនួន ១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល ចំនួន ១៤, ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ទាំង ២៥ បានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រ ក្នុងទំហំប្រមាណជា ៦៤៨ លានដុល្លារអាមេរិក ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានជម្រាបជូនអង្គពិធីថា តាមរយៈការធ្វើបរិវិសកម្ម កាលពីថ្ងៃទី ៨ ដល់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២៥, ធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មប្រកបដោយភាពជោគជ័យ ដោយមានវិនិយោគិនគុណវុឌ្ឍិ ចំនួន ៧៧ រូប បានដាក់បញ្ជាទិញសញ្ញាបណ្ណបន្ទាប់បន្សំ លើកទី២ ដែលធនាគារបានបោះផ្សាយទាំងអស់ រហូតដល់ ៤០០ពាន់លានរៀល (ប្រមាណជា ១០០ លានដុល្លារអាមេរិក) ជាមួយនឹងអត្រាគូប៉ុង ៧,៥% ក្នុងមួយឆ្នាំ ។ ការណ៍នេះ បានផ្តល់ឱកាសជូនវិនិយោគិន និង អនុញ្ញាតឱ្យធនាគារប្រមូលប្រភពទុនក្នុងទំហំធំ ដើម្បីគាំទ្រប្រតិបត្តិការរបស់ធនាគារ, បង្កើនទំនុកចិត្ត និង ការជឿជាក់ពីវិនិយោគិន, និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និង សង្គមជាតិ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ និង គាំទ្រ ដល់ដំណើរការនៃការបោះផ្សាយ និង ចុះបញ្ជីលក់មូលបត្ររបស់ធនាគារ អេស៊ីលីដា ដែលជាសមិទ្ធផលថ្មីមួយទៀត សម្រាប់វិស័យមូលបត្រនៅកម្ពុជា ។
ដើម្បីពន្លឿនការអភិវឌ្ឍនៃផ្សារមូលបត្រកម្ពុជា ឱ្យបានរីកចម្រើនខ្លាំងក្លា, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគាំទ្រ និង លើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធក្នុងវិស័យមូលបត្រនៅកម្ពុជា បន្តសកម្មភាពផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹង ជូនសាធារណជន និង វិនិយោគិន ដើម្បីលើកកម្ពស់ការយល់ដឹង និង ជំរុញការចូលរួមក្នុងវិស័យមូលបត្រនៅកម្ពុជា ឱ្យបានកាន់តែផុសផុលថែមទៀត, ក៏ដូចជា ចូលរួមទប់ស្កាត់នូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាថា វិនិយោគិនក្នុងវិស័យមូលបត្រនៅកម្ពុជា មិនទទួលរងផលប៉ះពាល់ពីបញ្ហាអសកម្មនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ៕