ផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់ កសិផល ផលិតផលខ្មែរ បន្លែ ផ្លែ ឈើ ត្រី សាច់ ជាច្រើនមុខ
(កំពត)៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តកំពត នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក ដល់ ១២ថ្ងៃត្រង់ ដែលមានទីតាំងនៅបរិវេណអតីតស្ថានីយប្រេងឥន្ធនៈ តូតាល់ ក្បែរបេនឡាននាគពន្ធ័ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ស្វែងរកតាមតំណភ្ជាប់៖
👉ស្វែងរកទីតាំងផ្សារផលិតផលខ្មែរខេត្តកំពត https://maps.app.goo.gl/n62mzmM2Hjo1PYpV7?g_st=it
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពត ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។
សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។



