ផ្លូវលំក្រាលថ្មភ្នំមួយខ្សែប្រវែង៥គីឡូម៉ែត្រ ស្ថិតនៅឃុំមេម៉ង ត្រូវបានជួសជុលសម្រួលការធ្វើដំណើរ ក្រោមមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់

ខេត្តមណ្ឌលគិរី ៖ ផ្លូវលំក្រាលថ្មភ្នំមួយខ្សែប្រវែង ៥គីឡូម៉ែត្រ ក្រោមមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ ស្ថិតនៅសាលាឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរ ដាក់ឱ្យដេញថ្លៃ ដើម្បីជួសជុលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក ចាន់ សាមេន ជាមេឃុំមេម៉ង់បានឲ្យដឹងថា ការជួសជុលផ្លូវនេះ ក្រោមថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំសង្កាត់នៅក្នុងឃុំមេម៉ង ក្នុងឆ្នាំ២០២៥ ដោយមានគម្រោងជួសជុលផ្លូវដីចាក់ថ្មភ្នំដែលមានប្រវែង ៥គីឡូម៉ែត្រ និងទទឹង ៥ម៉ែត្រ។ ការជួសជុលផ្លូវនេះរួមមាន ទាំងការសាងសង់ស្ពានឈើក្បាលបេតុងមួយកន្លែង ផ្លូវបង្ហៀរពីរកន្លែង និងដាក់លូកាត់ផ្លូវចំនួនបួនកន្លែង ដែលស្ថិតនៅក្នុងភូមិពួកកេះ ឃុំមេម៉ង។
កម្មវិធីដេញថ្លៃ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានក្រុមហ៊ុនចំនួន ៥ ចូលរួមដាក់សំណើរដេញថ្លៃផ្លូវមួយខ្សែនោះ។ ក្រោយការដាក់សំណើរដេញថ្លៃទាំង ៥ ក្រុមហ៊ុនរួចមក ជាលទ្ធផលផ្លូវការគឺបានទៅលើក្រុមហ៊ុន ទេព សុភាក់ បានដាក់តម្លៃត្រឹម ១៧០.៥០០.០០០រៀល។ ចំណែកក្រុមហ៊ុន៤ទៀតរួមមាន ក្រុមហ៊ុនហួបូបានដាក់តម្លៃ ២៤០.០០០.០០០រៀល ឯក្រុមហ៊ុនខូវម៉េងបានដាក់តម្លៃ១៧៥.០៨០.០០០រៀល ក្រុមហ៊ុន គាំ សុធា បានដាក់តម្លៃ២៦២.០០០.០០០រៀល នឹងក្រុមហ៊ុន រ័ត្នមេត្តា បានដាក់តម្លៃ២៥៥.០០០.០០០រៀល នៅក្នុងតម្លៃប៉ាន់ស្មាន
(២៩៤.៣០២.៩០០រៀល)។
លោកក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនទទួលសិទ្ធិបានគម្រោង ត្រូវសាងសង់ផ្លូវមួយខ្សែប្រកបដោយស្តង់ដាបច្ចេកទេស គុណភាព ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈយូរអង្វែង។ លោកមេឃុំ បានសង្កត់ធ្ងន់ទៅលើក្រុមហ៊ុនដែលបានទទួលសិទ្ធិសាងសង់ផ្លូវមួយខ្សែនេះ ត្រូវដាក់គ្រឿងចក្រសាងសង់ទៅតាមកិច្ចសន្យាក្នុងនាមប្រធានលទ្ធកម្មឃុំ នឹងចាប់ផ្តើមស្ថាបនា ទៅតាមពេលវេលា ដែលបានគ្រោងទុក និងត្រូវអនុវត្តទៅតាមកិច្ចសន្យាធ្វើទៅតាមស្តង់ដាបច្ចេកទេស បើមិនដូច្នោះទេ ត្រូវដកហូតសិទ្ធិសាងសង់ នឹងផ្អាកការសាងសង់ ហើយត្រូវផ្ទេររកក្រុមហ៊ុនថ្មីមកសាងសង់ជំនួស៕