ផ្លូវបេតុងលើខ្នងទំនប់​អាង​កំពីងពួយ ប្រមាណជា៨គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៥នេះ

ខេត្តបាត់ដំបង ៖ គម្រោងផ្លូវបេតុងមួយខ្សែ ប្រវែងប្រមាណ៨គីឡូម៉ែត្រ ស្ថិតនៅលើខ្នងទំនប់អាងកំពីងពួយ ដែលមានទីតាំងក្នុង ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងស្ថាបនា នឹងត្រូវបញ្ចប់គម្រោងសាងសង់នាចុងឆ្នាំ២០២៥នេះ។

បើតាមការបញ្ជាក់ពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា បានលើកឡើងថា ផ្លូវមួយខ្សែនេះ គឺមានគម្រោងចាក់បេតុង ដោយមានទទឹង ៨ម៉ែត្រ បណ្ដោយ ៨.០០០ ម៉ែត្រ (លើខ្នងទំនប់ទាំងស្រុង) គឺជាគម្រោងអភិវឌ្ឍន៍របស់ ក្រសួងធនធានទឹកនិងឧតុនិយម។

លោកបន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលក្នុងការធ្វើដំណើរឆ្លងកាត់ចាប់ពីចុងទំនប់ម្ខាងដល់ចុងម្ខាងទៀត ដែលមានចម្ងាយជិត ១០គីឡូម៉ែត្រ ហើយម្យ៉ាងវិញទៀតនៅលើខ្នងទំនប់នេះក៏សម្បូរទៅដោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅកម្សាន្ដនាចុងសប្តាហ៍ ឬថ្ងៃសម្រាកផងដែរ ទើបក្រសួងសម្រេចបង្កើតគម្រោងនេះឡើង ដើម្បីឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ដែរថា អាងទឹកកំពីងពួយនៅរដូវវស្សា គឺអាចស្តុកទឹកបានរហូតដល់ ១១០លានម៉ែត្រគូប ភ្ញៀវទេសចរអាចមើលឃើញ ផ្ទៃទឹកធំល្វឹងល្វើយ លាតសន្ធឹងពីភ្នំម្ខាងទៅភ្នំម្ខាង សឹងដាច់កន្ទុយភ្នែក ដោយរដូវបុណ្យទានម្ដងៗ គេសង្កេតឃើញភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចុះទៅងូតទឹកលេងកម្សាន្តនៅខាងក្រោមទ្វារទឹកដែលមានទឹកហូរថ្នាក់ៗតាមកម្មជណ្ដើរ យ៉ាងសប្បាយរីករាយផងដែរ៕