ផ្លូវថ្មី​តភ្ជាប់ពីស្រុកកោះធំ​ដល់​ស្រុកលើក​ដែក សម្រេច​​សាងសង់​បាន​ជាង ៩៥% គ្រោង​បញ្ចប់​នៅ​ខែ​ក្រោយ​នេះ

ភ្នំពេញ ៖ ផ្លូវ​ប្រវត្តិសាស្ត្រ​ថ្មី​តភ្ជាប់​ពី​ស្រុក​កោះធំ​ដល់​ស្រុក​លើក​ដែក បច្ចុប្បន្ន​​វឌ្ឍនភាព​សម្រេច​ការ​សាងសង់​បាន​ជាង ៩៥% ហើយ​គ្រោង​បញ្ចប់​នៅ​​អំឡុង​ខែ​កក្កដា​​នេះ។ នេះបើយោងតាមការបញ្ជាក់ពីលោក ផន រឹម អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។

លោក ផន រឹម បាន​ឲ្យ​ដឹង​ថា ៖ ផ្លូវជាតិលេខ ២៣ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡា​តភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ ២១B និង​ផ្លូវជាតិ​លេខ ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយ​ផ្លូវជាតិលេខ ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និង​ព្រំដែន​កម្ពុជា-វៀតណាម (ក្អម​សំណ-វិញសឿង) និង​តភ្ជាប់​ជាមួយ​បណ្តាញ​ខ្សែ​ផ្លូវ​ផ្សេងៗ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​។ ផ្លូវជាតិលេខ ២៣ មាន​ប្រវែង ១៩,៨៣ គីឡូម៉ែត្រ បាន​បើក​ការដ្ឋាន​សាងសង់កាលពី​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣។

ចំណុចចាប់ផ្តើមនៃ​ការ​ស្ថាបនា​ផ្លូវ​នេះ​ ​ចាប់​ពីឃុំជ្រោយតាកែវឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់​ពី​គល់​ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្ត​លេខ​១៤) នៃ​ភូមិសាស្រ្ត​ខេត្តកណ្តាល។

ផ្លូវនេះ​ស្ថាបនា​ជា ២ គន្លងទៅ និង ២ គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ ម៉ែត្រ និង​ក្រាល​កៅស៊ូ AC កម្រាស់ ៨ សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ ដោយ​អនុវត្តការ​សាងសង់​ដោយ​ក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់​រយៈពេល​សាងសង់ចំនួន ២៤ ខែ និងប្រើប្រាស់ថវិកា​ដែលជាឥណទាន​សម្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ីសរុបប្រមាណ ២១,៦៨ លានដុល្លារអាមេរិក៕