ផ្លូវកាត់ថ្មី ប្រវែងជិត២០គីឡូម៉ែត្រ ចេញពីកោះធំទៅលើកដែក តភ្ជាប់ទៅដល់ស្ពានអ្នកលឿងស្ថាបនារួចរាល់ ១០០%
ខេត្តកណ្តាល ៖ បើតាមឯកឧត្តម ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) បានស្ថាបនារួចរាល់១០០% កាលពីដើមខែតុលា ឆ្នាំ២០២៥ នេះ។
ខ្សែផ្លូវជាតិដ៏សំខាន់នេះឆ្លងកាត់ឃុំចំនួន ៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានស្ថាបនាឡើងជាផ្នែកចម្បងនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។
អ្នកនាំពាក្យក្រសួងសាធារណការ បន្ថែមថា ការលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ ២៣ រួមមាន ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ, ការងារសាងសង់និងជួសជុលដោយចាក់ក្រាលកៅស៊ូ AC, ការរចនាចិញ្ចើមផ្លូវ, ការរៀបចំប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ, ការរៀបចំជើងទេរដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ និងភាតរៈបរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ពីការងារសាងសង់បានបញ្ចប់៕



