“ផ្ទះ និងទឹក គឺជា សេចក្តីត្រូវការជាមូលដ្ឋាន របស់មនុស្សម្នាក់ៗ ខាងផ្នែកសិរីរៈ!” នេះជាប្រសាសន៍ដ៏មានន័យរបស់ ឯកឧត្តមបណ្ឌិត ខាន់ ខុន ក្នុងការអញ្ជើញជាអធិបតី ចុះប្រគល់ផ្ទះចំនួន៨ខ្នង និងអណ្តូងទឹកស្អាតចំនួន២អណ្តូង

ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និង លោកជំទាវ ខឹម បុប្ផា ទីប្រឹក្សាក្រសួងធម្មការនិងសាសនានិងជានាយិកា ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត ឯ.ក ដោយមានការអញ្ជើញ ចូលរួមអមដំណើរពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព បានអញ្ជើញជាអធិបតី ក្នុងការចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រគល់ផ្ទះ ព្រមទាំងសម្ភារប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃជូនដល់ស្ត្រីមេម៉ាយដែលចិញ្ចឹមចៅៗកំព្រា និងប្រគល់អណ្ដូងទឹកស្អាតអាហ្វ្រ៊ីដេសដល់សហគមន៍ដែលខ្វះខាតទឹកប្រើប្រាស់។
នាឱកាស ក្នុងការអញ្ជើញជាអធិបតី ចុះប្រគល់ផ្ទះចំនួន៨ខ្នង និងអណ្តូងទឹកស្អាតចំនួន២អណ្តូង ឯកឧត្តមបណ្ឌិត ខាន់ ខុន បានមានប្រសាសន៍ដ៏មានន័យថា “ផ្ទះ និងទឹក គឺជា សេចក្តីត្រូវការជាមូលដ្ឋាន របស់មនុស្សម្នាក់ៗ ខាងផ្នែកសិរីរៈ!” មនុស្សត្រូវការផ្ទះដើម្បីរស់នៅ និងការពារចំពោះភ្លៀង ខ្យល់ និង បញ្ហាផ្សេងៗដែលអាចកើតមានឡើង រីឯទឹក គឺគ្មាននរណាម្នាក់អត់បានឡើង ព្រោះមនុស្សគ្រប់រូបអាចរស់នៅបានក៏ដោយសារទឹក បើគ្មានទឹក នោះមនុស្សប្រាកដជាស្លាប់។
ដោយមើលឃើញថា ផ្ទះគឺជាជម្រក ហើយក៏ជាសេចក្តីត្រូវការដ៏ចាំបាច់សម្រាប់ការរស់នៅជាប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ដូច្នេះហើយ ទើប ឯកឧត្តមបណ្ឌិត ខាន់ ខុន រួមជាមួយនឹងក្រុមការងារ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ទាំងអស់គ្នាបានយកចិត្តទុកដាក់ ចំពោះ ស្ត្រីមេម៉ាយដែលមានវ័យចំណាស់ៗ ហើយពួកគាត់គ្មានការងារធ្វើ និងមានជីវិភាពទីទល់ក្រ ឬខ្វះខាត ព្រមទាំងគ្មានផ្ទះរស់នៅសមរម្យ នោះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព បានជួយសង់ផ្ទះដល់ពួកគាត់ ដើម្បី ពួកគាត់អាចមានផ្ទះរស់នៅឱ្យបានសមរម្យដូចគេឯងផងដែរ។ តួយ៉ាងក្នុងពេលថ្មីៗនេះ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាពដែលមាន ឯកឧត្តមបណ្ឌិត ខាន់ ខុន ជាប្រធាន បានសាងសង់ផ្ទះចំនួន៨ខ្នងផ្ទះ ជូនដល់ស្ត្រីមេម៉ាយទីទល់ក្រ និងអណ្ដូងទឹកស្អាតអាហ្វ្រ៊ីដេស ចំនួន២អណ្ដូង នៅតាមសហគមន៍ដែលខ្វះទឹកប្រើជាប្រចាំថ្ងៃក្នុងការរស់នៅ ។ សូមបញ្ជាក់ថា ការទាំងអស់នេះអាចកើតឡើងទៅបានក៏ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល រួមទាំងមានការចង្អុលបង្ហាញពីអាជ្ញាធរក្នុងមូលដ្ឋានផងដែរ ។
នៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់អំពីគោលជំហរដ៏រឹងមាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ដោយយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មានទិសដៅច្បាស់លាស់ ផ្អែកលើផ្លូវច្បាប់អន្តរជាតិ និងក្នុងតំបន់ ក្នុងការការពារអធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូរជាតិ ហើយប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីប្រកាសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការនាំយកបញ្ហាដែនដី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ។ ស្របពេលនេះក្នុងនាមយើងជាប្រជាពលរដ្ឋ គ្រប់រូបត្រូវធ្វើការរួបរួមសាមគ្គីភាព គ្រប់កាលៈទេសៈ គ្រប់សាសនាទាំងអស់ ពីព្រោះយើង គឺជា ខ្មែរ យើងគឺតែមួយ ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាមគ្គីភាព ។
បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន៨ខ្នងផ្ទះ ដែលមាន ទំហំផ្ទះ 4m x 5m សំយាបមុខផ្ទះ 3m ក្នុងមួយផ្ទះទទួលបានសម្ភារដែលបានផ្ដល់មាន៖ ពូក, ខ្នើយកើយ, ខ្នើយ ឱប, ភួយ, ទូដាក់សម្លៀកបំពាក់, ស្មាអាវ, គ្រែ និងមុងគេង និងអណ្ដូងទឹកចំនួន២អណ្ដូង ស្ថិតនៅទីតាំងដូចខាងក្រោម៖
📍ទីតាំងផ្ទះ៖
១. នៅភូមិតាពេញ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
២. ភូមិប្រាសាទ ឃុំចក ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ
៣. ភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ
៤. ភូមិចំបក់សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៥. ភូមិចំបក់សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៦. ភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៧. ភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៨. ភូមិអូគគ្គី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ
📍 អណ្ដូងទឹកស្ថិតនៅ៖
១- ភូមិសយជោ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២- ភូមិពុំអិដ្ឋ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ
សូមបញ្ជាក់ផងដែរថា សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានកើតឡើង ដោយសារមានការរួមចំណែក និងមានការឧបត្ថម្ភគាំទ្រជាថវិកា និងការអធិដ្ឋាន ពី គ្រីស្ទបរិស័ទ ទាំងក្នុងនិងក្រៅប្រទេស តាម រយៈសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និងអង្គការ Relevant Expeditions រួមជាមួយការឧបត្ថម្ភដ៏ពិសេស ពី អង្គការ ចយ ម៉េយ៉ឺ (ដៃនៃក្តីសង្ឃឹម) – Joyce Meyer Ministries (Hand of Hope)៕