ផ្ទះសម្បែង ទ្រព្យសម្បត្តិជនស៊ីវិលនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ត្រូវរងគ្រោះបែកបាក់ខ្ទេចខ្ទី ដោយសារ Drone ចម្បាំងក្នុងសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែលទៅលើរដ្ឋឥស្លាមអ៊ីរ៉ង់ 

ប្រជាជនដែលរស់នៅ Irbil (អ៊ីលប៊ីល)ជារដ្ឋធានីមួយក្នុងតំបន់ពាក់កណ្តាលស្វយ័តឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កំពុងជាប់គាំងធ្ងន់ធ្ងរក្រោយពីហេតុការណ៍បាញ់ប្រហារគ្នាក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឡើងដោយភាគីដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់។ អ្នកស្រុកបានភ្ញាក់ពីដំណេកកាលពីយប់មិញ ដោយសារសម្លេងរំខានពីយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លើងពីលើដំបូលផ្ទះរបស់ពួកគេ ដែលធ្វើឱ្យបង្អួចកញ្ចក់ផ្ទះជាច្រើនត្រូវបែកខ្ទេចខ្ទី និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។ យុវជន Ibrahim Jawdat (អ៊ីប្រាហ៊ីម ហ្សាដដាត) បាននិយាយថា “នៅពេលដែលខ្ញុំភ្ញាក់ពីដំណេកនៅម៉ោងប្រហែល ២និង៤៥នាទីព្រឹក ខ្ញុំបានលឺសំឡេងផ្ទុះមួយដ៏ខ្លាំងបំផុត ដែលខ្ញុំមិនបានធ្លាប់បានឮក្នុងជីវិតរបស់នោះទេ! បន្ទាប់មកក៏មានយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានធ្លាក់ចុះក្បែរផ្ទះគ្រួសាររបស់ខ្ញុំតែម្តង ដោយវាបានបំផ្ទុះបង្អួចកញ្ចក់ឲ្យបែកខ្ទេចខ្ទី ខ្ទាតមកលើគ្រែរបស់ខ្ញុំដែរ។ អ្នកជិតខាងរបស់ខ្ញុំឈ្មោះ Hawkar Hadi បានសម្លឹងមើលផ្ទះដែលខូចខាតរបស់គាត់ ដោយមានបង្អួចបែកខ្ទេចខ្ទី បំណែកអំបែងជាប់ទៅនឹងជញ្ជាំង និងបំបែកគ្រឿងសង្ហារឹមជាច្រើនទៀតដែរ។ គាត់បាននិយាយថា “វាពិតជាពិបាកខ្លាំងណាស់ដែលយើងត្រូវក្លាយជាជនរងគ្រោះនៃសង្គ្រាមដែលយើងមិនមែនជាផ្នែកណាមួយ ឬត្រូវមកទទួលខុសត្រូវចំពោះវានោះទេ” «យើងកំពុងខាតបង់លើរឿងដែលយើងមិនបានធ្វើវា»។ អ៊ីរ៉ង់ និងកងជីវពលអ៊ីរ៉ាក់ដែលជាសម្ព័ន្ធមិត្តបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋានទ័ពអាមេរិក និងស្ថានកុងស៊ុលរបស់ខ្លួននៅ Irbil។ ប៉ុន្តែភាគច្រើនត្រូវបានស្ទាក់ចាប់បាន ដោយខ្លះធ្លាក់នៅតំបន់លំនៅដ្ឋានរបស់ជនស៊ីវិល ដែលមិនមែនជាគោលដៅរបស់ពួកគេ។ អភិបាលក្រុង Irbil លោក Omed Khoshnaw បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ ការវាយប្រហារដែលផ្តោតលើរដ្ឋធានីនៃតំបន់ឃឺដគឺលើសពី១០០ដង ចាប់តាំងពីថ្ងៃសៅរ៍មក ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធផ្តល់សំណងដល់ប្រជាជនលើការខូចខាតទាំងនោះដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ