ផ្ទុះការតវ៉ាលើភាពអាក់ខានដែលរដ្ឋសេណេហ្កាល់មិនឧបត្តម្ភប្រាក់អាហារូបករណ៍ដល់និស្សិតនៅសកលវិទ្យាល័យដ៏ល្បីមួយ និងក្រោយពីមាននិស្សិតទន្តសាស្រ្តម្នាក់បានស្លាប់
និស្សិតរាប់ពាន់នាក់បានចាកចេញពីសាកលវិទ្យាល័យដ៏ល្បីមួយរបស់ប្រទេសសេណេហ្គាល់ បន្ទាប់ពីអាជ្ញាធរបានបិទកន្លែងស្នាក់នៅនិស្សិត និងផ្អាកថ្នាក់រៀនដោយគ្មានដែនកំណត់ បន្ទាប់ពីមានករណីស្លាប់និស្សិតម្នាក់អំឡុងពេលនៃសកម្មភាពពេលតវ៉ា ជុំវិញបញ្ហាដែលរដ្ឋមិនព្រមផ្តល់ជំនួយហិរញ្ញវត្ថុនៃអាហាររូបករណ៍របស់ពួកគេ។ មានរថយន្តឆេះ និងរបាំងបាក់បែកបានរាយប៉ាយពាសពេញបរិវេណសាកលវិទ្យាល័យ Cheikh Anta Diop បន្ទាប់ពីភាពតានតឹងរវាងនិស្សិត និងប៉ូលីសបានផ្ទុះឡើង ឈានទៅជាការប៉ះទង្គិចគ្នាដ៏សាហាវកាលពីថ្ងៃចន្ទ។ ភាពចលាចលនេះបានឆក់យកជីវិតរបស់និស្សិតម្នាក់ឈ្មោះ Abdoulaye Ba ដែលជានិស្សិតផ្នែកវះកាត់ធ្មេញឆ្នាំទី២ នៅសាកលវិទ្យាល័យសាធារណៈដ៏មានកិត្យានុភាពបំផុតមួយរបស់ប្រទេសសេណេហ្គាល់។ លោក Cheilh Atab Sagne ជាប្រធានសមាគមនិស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថស្ថាន និងទន្តសាស្ត្រ បាននិយាយថាលោក Ba មិនបានចូលរួមក្នុងការតវ៉ាទេ ហើយត្រូវបានប៉ូលីសវាយដំនៅក្នុងបន្ទប់របស់គាត់តែម្តង។ ក្រោយមកលោក Ba បានស្លាប់នៅក្នុងមន្ទីរពេទ្យក្បែរនោះដោយសាររបួសក្បាលធ្ងន់ធ្ងរពេក។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថាលោក Ba បានស្លាប់ដោយសាររបួសដែលបានកើតឡើងក្នុងអំឡុងពេលនៃព្រឹត្តិការណ៍តវ៉ាធ្ងន់ធ្ងរតែប៉ុណ្ណោះ។ និស្សិតនៅច្រកទ្វារសាកលវិទ្យាល័យបានសម្តែងការខឹងសម្បារ នៅពេលដែលពួកគេវេចខ្ចប់កាបូបរបស់ពួកគេចូលទៅក្នុងតាក់ស៊ី។ ដោយអ្នកខ្លះបាននិយាយថា «យើងមិនអាចទទួលយកបានទេថា សូម្បីតែសព្វថ្ងៃនេះ ក្នុងសតវត្សរ៍ទី២១ទៅហើយ នៅពេលដែលនិស្សិតកំពុងទាមទារអាហារូបករណ៍របស់ពួកគេ ហើយត្រូវបានគេវាយដំ និង សម្លាប់ដោយគ្រាន់តែស្នើសុំជំនួយឥតសំណងរបស់ពួកគេប៉ុណ្ណោះ។ នោះជារឿងគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ នេះបើតាមសម្តីរបស់និស្សិតឈ្មោះ Kaoussou Dramé អាយុ ២២ ឆ្នាំ។ «វាជាគ្រោះមហន្តរាយទាំងស្រុង ហើយវាបណ្តាលមកពីរដ្ឋខ្លួនឯង ពីព្រោះពួកយើងមិនចង់បានបញ្ហានោះទេ។ យើងបានទៅទីនោះដើម្បីចរចាដែរ ប៉ុន្តែជំនួសឱ្យការចរចា ពួកគេបានប្រើប្រាស់អ្វីដែលហៅថាជាកម្លាំងបង្រ្កាប ហើយវាក៏នាំឱ្យមានរឿងអាស្រូវបែបនេះតែម្តង» នេះបើតាមសម្តីរបស់និស្សិតម្នាក់ទៀត ឈ្មោះ Khadija Ndiaye អាយុ ១៩ ឆ្នាំ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



