ផ្ទុះការតវ៉ានៅក្នុងប្រទេសកាមេរូនជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតីថ្មី! ដែលបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ ក្រោយពីបានប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខជាតិ
យ៉ាងហោចណាស់មានអ្នកតវ៉ា៤នាក់ស្លាប់អំឡុងពេលប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅក្នុងប្រទេសកាមេរូន ខណៈដែលអ្នកគាំទ្រគណបក្សប្រឆាំងបានប្រមូលផ្តុំគ្នាដើម្បីទាមទារនូវលទ្ធផលមួយដែលគួរឱ្យទុកចិត្តបានពីការបោះឆ្នោតប្រធានាធិបតីថ្មីៗនេះ នេះបើយោងតាមអភិបាលខេត្តម្នាក់បានបញ្ជាក់ប្រាប់អ្នកព័ត៌មាន។ មនុស្សរាប់រយនាក់បានសម្រុកចូលទៅតាមដងផ្លូវនានានៅក្នុងទីក្រុងផ្សេងៗគ្នា បន្ទាប់ពីមានភាពចលាចលជាច្រើនថ្ងៃ និងជាការឆ្លើយតបទៅនឹងការអំពាវនាវឲ្យចេញមកតវ៉ារបស់បេក្ខជនមកពីគណបក្សប្រឆាំង Issa Tchiroma Bakary ដែលអះអាងថាបានផ្តួលបេក្ខភាពប្រធានាធិបតី Paul Biya ក្នុងការបោះឆ្នោតថ្ងៃទី១២ខែតុលា រួចទៅហើយ។ គណបក្សប្រឆាំងចលនាអាហ្វ្រិកដើម្បីឯករាជ្យថ្មី និងប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីមុនថា យ៉ាងហោចណាស់មានអ្នកតវ៉ា២នាក់ត្រូវបានគេបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខជាតិ ខណៈដែលពួកគេព្យាយាមបំបែកសកម្មភាពតវ៉ា។ អ្នកគាំទ្រ សកម្មជន និងមេដឹកនាំគណបក្សប្រឆាំងរាប់សិបនាក់ត្រូវបានចាប់ខ្លួនរួចហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលការតវ៉ានៅតែបន្ត។ រដ្ឋបាលដែនដីកាមេរូន លោក Paul Atanga Nji បានប្រាប់អ្នកយកព័ត៌មានកាលចុងសប្តាហ៍នេះថា រដ្ឋាភិបាលបានចាប់ខ្លួនមនុស្សជាច្រើននាក់ដែលបានរៀបចំផែនការវាយប្រហារដោយហិង្សានានា។ ភាពតានតឹងកំពុងកើនឡើងមុនការបោះឆ្នោតនៅក្នុងប្រទេសកាមេរូន ដែលជាប្រទេសមួយមានប្រជាជនរស់នៅប្រហែលជិត៣០លាននាក់។ ការសម្រេចចិត្តរបស់លោក Biya អាយុ ៩២ ឆ្នាំ ដែលជាមេដឹកនាំចំណាស់ជាងគេបំផុតរបស់ពិភពលោក បានកាន់អំណាចជិតពាក់កណ្តាលជីវិតរបស់លោក ដើម្បីឈរឈ្មោះបោះឆ្នោតឡើងវិញ បានធ្វើឱ្យយុវជន និងក្រុមប្រឆាំងនៅក្នុងប្រទេសនេះកើតក្តីខឹងសម្បារជាខ្លាំង។ ក្រុមប្រឆាំងបានចោទប្រកាន់លោក Biya ថាជាប់ពាក់ព័ន្ធនឹងការដកហូតសិទ្ធិគូប្រជែងដ៏ខ្លាំងបំផុតរបស់លោក និងការប្រើប្រាស់យន្តការរដ្ឋ ដើម្បីរៀបចំការបោះឆ្នោតដើម្បីតែផលប្រយោជន៍របស់លោកប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



