ផ្ទុះការតវ៉ាចំពោះក្រុមតុលាការសហព័ន្ធអាម៉េរិក បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Trump បំពានដីកាបញ្ជូនខ្លួនជនអន្តោប្រវេសន៍ទៅកាន់ប្រទេសទី៣

តុលាការសហព័ន្ធរបស់រដ្ឋមួយនៅសហរដ្ឋអាមេរិកបានអះអាងថា៖ សេតវិមាន ឬ White House បានបំពានដីការបស់តុលាការដើម្បីបញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ប្រទេសទី៣វិញ ហើយជើងហោះហើរដែលពួកគេធ្វើដំណើរនោះគឺទាក់ទងនិងប្រទេសស៊ូដង់ខាងត្បូងដែលកំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ថែមទាំងអសុវត្តិភាពផងដែរ។ បើយោងតាមការបញ្ជាក់ពីតុលាការសហព័ន្ធបានឲ្យដឹងទៀតថាបន្ទាប់ពីរដ្ឋបាលលោក Trump បានប្រកាសថាពួកគេបានបញ្ជូនជនអន្តោប្រវេសន៍៨នាក់ដែលបានកាត់ទោសពីបទប្រើប្រាស់ហឹង្សានៅសហរដ្ឋអាមេរិកឲ្យចាកចេញពីប្រទេស ប៉ុន្តែពួកគេបានបដិសេធមិនបង្ហាញពីទីតាំងដែលជនអន្តោប្រវេសន៍ទាំងនោះត្រូវបញ្ជូនទៅកន្លែងណាមួយឡើយ។ លោកស្រី Trina Realmuto ជានាយកប្រតិបត្តិនៃសម្ព័ន្ធដោះស្រាយវិវាទជនអន្តោប្រវេសន៍ជាតិ (National Immigration Litigation Alliance) បាននិយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅតុលការថា៖ រដ្ឋាភិបាលនៅតែបដិសេធផ្ដល់នូវដំណើរការយុត្តិធម៌ដល់កូនក្ដីរបស់លោកស្រី។ មានសវនាការបន្ទាន់មួយបានធ្វើឡើងដើម្បីពិភាក្សាអំពីរបាយការណ៍ពីជនអន្តោប្រវេសន៍ត្រូវបានបញ្ញូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ហើយចៅក្រម Brian E. Murphy នៅ Boston ក៏បានបញ្ជាក់ថា៖ ជនអន្តោប្រវេសន៍៨នាក់ដែលនៅលើយន្តហោះនោះមិនបានទទួលឱកាសសមស្របក្នុងការជំទាស់នឹងការបញ្ជូន ដែលអាចធ្វើឲ្យពួកគេជួបគ្រោះថ្នាក់បានទេ។មុនពេលចូលសវនាការបានប៉ុន្មាននាទីមន្រ្ដីរដ្ឋាភិបាលរបស់លោក Trump បានចោទប្រកាន់អង្គចៅក្រមថាជាក្រុមសកម្មជន ដែលហ៊ានគាំទ្រការដោះលែងឧក្រិដ្ឋជនដែលអាចបង្កគ្រោះថ្នាក់ដល់សង្គម។ យោងតាមអ្នកស្រី Anwen Hughes ជានាយិកាអភិវឌ្ឍយុទ្ធសាស្រ្តច្បាប់នៃអង្គការសិទ្ធិមនុស្សបឋម Human Rights First បានលើកឡើងថា “លីប៊ីគឺជាប្រទេសដែលមានស្ថានភាពគ្រោះថ្នាក់ច្រើនសម្រាប់ជនអន្តោប្រវេសន៍” ហើយអ្នកស្រីបានបន្ថែមទៀតថា ចំណែកស៊ូដង់ខាងត្បូងវិញគឺជាប្រទេសមួយដែលមានមិនមានស្ថេរភាពខ្លាំងឡើយ ដែលវាគឺជាជម្រើសមិនសមហេតុផលសម្រាប់បញ្ជូនជនអន្តោប្រវេសន៍មកពីអាមេរិកឡាទីន ឬមកពីអាស៊ីខាងកើតនោះទេ។ គួរបញ្ជាក់ផងដែរថាសំណុំរឿងនេះបានកើតឡើងចំពេលមានការបង្រ្កាបជនអន្តោប្រវេសន៍យ៉ាងសកម្មដោយរដ្ឋាភិបាលបក្សសាធារណរដ្ឋរបស់អាម៉េរិកដែលបានសន្យានឹងបញ្ជូនសកម្មជនដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់រាប់លាននាក់ចេញពីទឹកដីរបស់ពួកគេដែរ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា