ប្រជាកសិករខេត្តប៉ៃលិន កាន់តែមានក្តីសង្ឃឹមដោយមានក្រុមហ៊ុនមួយ បានប្រកាសបញ្ជាទិញ ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀងចំនួន៥៣.៤០០០តោន នាំចេញទៅកាន់ប្រទេសវៀតណាម ជំនួសឱ្យទីផ្សារប្រទេសថៃ។
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd ជាអ្នកប្រមូលទិញកសិផលទៅប្រទេសវៀតណាម និងមន្ទីរកសិកម្ម បានចុះទៅមើលទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំងនៅក្នុងខេត្តប៉ៃលិន។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបញ្ជាទិញគ្រាប់ពោតក្រហម ចំនួន៥សែនតោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី ២ពាន់តោន និងគ្រាប់សណ្ដែកសៀងចំនួន ២ពាន់តោនក្នុងមួយឆ្នាំ។
ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរកសិកម្មខេត្តប៉ៃលិន ត្រូវផ្សព្វផ្សាយ និងរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕