ការបំពុលដោយប្លាស្ទិកក្លាយជាវិបត្តិសកលមួយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រភពទឹក និងប្រព័ន្ធអេកូឡូស៊ីទាំងមូល ចាប់ពីប្រភពទឹកលើភ្នំដាច់ស្រយាល រហូតដល់ជ្រលងជ្រៅបំផុតនៃមហាសមុទ្រ។ វិបត្តិនេះមិនត្រឹមតែគំរាមកំហែងដល់សត្វ និងធម្មជាតិទេ ប៉ុន្តែវាប៉ះពាល់ផ្ទាល់ដល់សុខភាពមនុស្សផងដែរ។
អគ្គលេខាធិការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងក្នុងកិច្ចប្រជុំកំពូលអំពីមហាសមុទ្រ (UNOC) នៅទីក្រុងនីស ប្រទេសបារាំងថា ប្លាស្ទិកជាង ៤០០ លានតោនត្រូវបានផលិតជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ហើយប្រហែលប្រមាណជាមួយភាគបីត្រូវបានប្រើប្រាស់តែម្តងប៉ុណ្ណោះ។ លោកបានបន្ថែមថា រៀងរាល់ថ្ងៃសំរាមស្មើនឹងរថយន្តដឹកសំរាមជាង ២,០០០ គ្រឿងពោរពេញដោយប្លាស្ទិក ត្រូវបានបោះចោលចូលទៅក្នុងមហាសមុទ្រ ទន្លេ និងប្រភពទឹកផ្សេងៗ។
តាមការវាយតម្លៃរបស់អង្គការអន្តរជាតិ សំណល់ប្លាស្ទិកនឹងកើនឡើងបីដងទៀតនៅឆ្នាំ ២០៦០ ខណៈដែលបច្ចុប្បន្ន មានតែប្រហែល ៩% ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃប្រើឡើងវិញ។ រៀងរាល់ឆ្នាំ កាកសំណល់ប្លាស្ទិកប្រហែល ១១ លានតោន ត្រូវបានបង្ហូរចូលទៅមហាសមុទ្រ ហើយបង្កឱ្យប្លាស្ទិកក្លាយជាមូលហេតុ ៨០% នៃការបំពុលសមុទ្រទាំងមូល។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ប្លាស្ទិកជាសារធាតុដែលមិនងាយរលាយ ហើយប៉ះពាល់យ៉ាងធ្ងន់ដល់គុណភាពដី និងជីវចម្រុះក្នុងទឹក។ ឯកឧត្តមបានបញ្ជាក់ថា សារធាតុម៉ៃក្រូផ្លាស្ទិក (Microplastic) អាចចូលទៅក្នុងរាងកាយមនុស្ស តាមរយៈការប្រើសម្ភារៈវេចខ្ចប់ម្ហូបអាហារ ខណៈដែលភាគល្អិតតូចជាងនេះគឺណាណូផ្លាស្ទិក (Nanoplastic) ត្រូវបានរកឃើញក្នុងសរសៃឈាម និងអាចបណ្តាលឱ្យកើតជំងឺលើសឈាម (stroke) ដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកជាដើម។
លើសពីនេះទៅទៀត ការដុតសម្ភារៈប្លាស្ទិកដោយឡដែលមិនមានសីតុណ្ហភាពលើសពី ១,០០០ អង្សាសេ ក៏បណ្តាលឱ្យចេញសារធាតុពុល បង្កជំងឺផ្លូវដង្ហើម រលាកសួត និងមហារីកប្រព័ន្ធដកដង្ហើមផងដែរ។ ផលប៉ះពាល់ទាំងនេះមិនត្រឹមជាការគំរាមសុខភាពទេ ប៉ុន្តែប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង ការរស់នៅប្រចាំថ្ងៃ និងជាផ្នែកនៃការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស។ ដើម្បីទប់ស្កាត់វិបត្តិនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានអំពាវនាវនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលការណ៍៤R ដូចខាងក្រោម៖
- ការបដិសេធ (Refuse)៖ មិនប្រើថង់ ឬសម្ភារៈប្លាស្ទិកដែលមិនចាំបាច់។
- ការកាត់បន្ថយ (Reduce)៖ ព្យាយាមកាត់បន្ថយការប្រើផលិតផលប្លាស្ទិកតែម្តង។
- ការប្រើឡើងវិញ (Reuse)៖ ប្រើសម្ភារៈពីប្លាស្ទិកចាស់ជំនួសការទិញថ្មី។
- ការកែច្នៃ (Recycle)៖ កែច្នៃប្លាស្ទិកប្រើរួចដោយវិធីសាស្ត្រត្រឹមត្រូវ និងមានទំនួលខុសត្រូវ។
ឯកឧត្តមអ្នកនាំពាក្យបានបានសង្កត់ធ្ងន់ថា ការចូលរួមពីប្រជាពលរដ្ឋគឺជាចំណុចដ៏សំខាន់បំផុតក្នុងការកាត់បន្ថយការបំពុលប្លាស្ទិក។ ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគ្រប់ទម្រង់ពីប្រជាពលរដ្ឋគ្រប់រូប គឺជាការចូលរួមការពារបរិស្ថាន សុខភាពសាធារណៈ និងអនាគតរបស់យើងទាំងអស់គ្នា៕
ដោយ៖ លោកស្រី យ៉ាន ធឿងរតនៈ



