ប្រសិនបើលោកអ្នកមកលេងទីក្រុង Tianjin មិនបានចូលទស្សនាវិថីបុរាណចិនទេ នោះដូចយើងមិនបានដឹងអំពីប្រវត្តិសាស្រ្តចិនជាច្រើនទម្រង់ដូច្នោះដែរ!

វិថីវប្បធម៌បុរាណប្រចាំនៅទីក្រុង Tianjin ត្រូវបានរចនាឡើងជាកន្លែងសម្រាប់បម្រើដល់ភ្ញៀវទេសចរដើម្បីទទួលយកនូវបទពិសោធន៍នៃទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិន ហើយវាជាទីតាំងដែលប្រមូលផ្តុំដោយវប្បធម៌សឹងតែគ្រប់ស្រុកភូមិទាំងអស់មកនៅក្នុងកន្លែងតែមួយ។ សម្រាប់អ្នកសារព័ត៌មានបរទេសជាង១០០នាក់ដែលមកកាន់វិថីវប្បធម៌នេះ ពិតជាចាប់អារម្មណ៍ខ្លាំងលើបែបបទនៃការរចនាសម្ភារៈនានាទាំងដោយដៃផ្ទាល់ និង មានភាពច្នៃប្រឌិតខ្ពស់ ដែលវាបានក្លាយជាឱកាសទទួលបាននូវបទពិសោធន៍បន្ថែមពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសចិនមួយផ្នែកទៀត។ The Ancient Cultural Street ឬ ជាភាសារចិនថា Guwenhua Jie ជាទិតាំងមួយស្ថិតនៅសង្កាត់ Nankai នៃក្រុង Tianjin ហើយវាត្រូវបានគេបើកដំណើរការជាផ្លូវការនៅឆ្នាំ ១៩៨៦។ វាមានទីតាំងនៅតាមបណ្តោយច្រាំងទន្លេ Haihe នាភាគខាងលិចដោយមានប្រាសាទ Queen of Heaven (វិមាន Tianhou) ជាមជ្ឈមណ្ឌលភូមិសាស្ត្រនេះ។ វិថីវប្បធម៌បុរាណចាប់ផ្តើមពីផ្លូវ Gongbei នៅភាគខាងជើង ហើយបញ្ចប់វិញនៅផ្លូវ Gongnan Avenue នៅភាគខាងត្បូង ដែលមានប្រវែង៦៨៧ ម៉ែត្រ និងទទឹង៥ ម៉ែត្រ។ ថ្វីត្បិតតែវាជាវិថីពាណិជ្ជកម្មបែបបុរាណ តែវាពិតជាដ៏សំខាន់ណាស់សម្រាប់ទាក់ទាញអ្នកទស្សនាដែលមកទស្សនានូវរចនាប័ទ្មស្ថាបត្យកម្មពិសេសរបស់វា និងបានកោតសរសើរពីលក្ខណៈពិសេសនៃវប្បធម៌បុរាណចិន ការដើរទិញទំនិញបែបសិប្បកម្ម និង សម្ភារៈមានប្រជាប្រិយផ្សេងៗ និងតូបអាហារសម្រន់ក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ លើសពីនេះទៅទៀត នៅពេលដែលអ្នកទស្សនាដើរលេងកំសាន្តនៅទីនោះ ពួកគេនឹងចាប់អារម្មណ៍កាន់តែខ្លាំងចំពោះស្ថាបត្យកម្មបុរាណចិន ដែលបានចម្លងដូចបិតបិទនិងអស្ចារ្យក្នុងរចនាប័ទ្មប្រជាប្រិយនៃរាជវង្ស Qing អំឡុងឆ្នាំ(១៦៤៤-១៩១១)។ បន្តមកអ្នកសារព័ត៌មានយើងជាង១០០នាក់បានមកទស្សនាបន្តនៅសារមន្ទីរ Tianjin Opera គឺជាអគារសាលប្រជុំរចនាប័ទ្មរាជវង្ស Qing-dynasty ដ៏ធំបំផុតនិងពេញនិយមបំផុតនៅក្នុងប្រទេសចិន បន្ទាប់ពីអគារ Guild Hall ដែលមានទីតាំងស្ថិតនៅផ្លូវ Dongmenli ស្រុក Nankai ទីក្រុងចាស់ Tianjin។ ទីនេះបានបង្ហាញយ៉ាងច្បាស់ថាប្រទេសចិនគឺជាប្រទេសមួយដែលមានសកម្មភាពល្ខោនច្រើនទម្រង់បន្ថែមនូវភាពរីករាយ ពាសពេញតំបន់ដ៏ធំមួយនេះ។ ល្ខោនអូប៉េរ៉ាប្រពៃណីចិនគឺជាការរួមបញ្ចូលគ្នានៃការច្រៀងដោយសម្លេងគ្រលួចនិងការសម្តែងបែបទម្រង់បុរាណដែលជាទម្រង់ប្លែកបំផុតនិងមិនធម្មតានិងតំណាងនៃល្ខោនចិនគ្មានពីរលើលោក។ សារមន្ទីរល្ខោន Tianjin ស្ថិតនៅភាគខាងជើងនៃប្រទេសចិននេះ គឺជាប្រភេទសារមន្ទីរដំបូងគេបង្អស់បង្កើតឡើងដើម្បីឧទ្ទិសដល់រោងមហោស្រពល្ខោនចិនបុរាណចិនឯទៀត។ សារមន្ទីរនេះបានប្រារព្ធពិធីបែបប្រពៃណីនិងការសម្តែងច្រើន មានភាពធន់និងស្វាហាប់តាំងតែពីយូរយារណាស់មកហើយ។ អ្នកសារព័ត៌មានខ្លះបានសាកល្បងសម្លៀកបំពាក់ល្ខោនចិននេះ ទាំងសម្លៀកបំពាក់ គ្រឿងអល្លង្ការ ដោយទទួលបានអារម្មណ៍ប្លែក និងត្រជាក់មិនធ្លាប់ជួប ដោយទីតាំងនេះតាំងតែពីដើមមកវាជាទីតាំងសម្តែងល្ខោនសម្រាប់មន្រ្តីជាន់ខ្ពស់ចិន និង រក្សាបាននូវក្បួរក្បាច់រចនាបែបទម្រង់ដើមជានិច្ច៕

 

សម្រួលអត្ថបទ៖ Borinika Sopharin Em